ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ជម្រុញឱ្យអាជ្ញាធរគ្រប់ ផ្នែក ពិនិត្យឱ្យបានច្បាស់លាស់ មុននិងអនុញ្ញាតិឱ្យមានការ ជីករឬខួងផ្លូវ នៅក្នុងរាជធានី

144

ភ្នំពេញ៖ ដោយកន្លងមកនេះឃើញថា កំណាត់ផ្លូវដ៏ល្អស្អាតមួយចំនួនបានទទួលរងការខូចខាត ដោយសារការជីកកកាយដោយស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ហើយពេលធ្វើ សងវិញ មិនមានការទទួលខុសត្រូវ ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញឱ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីជាពិសេសអភិបាលខណ្ឌទាំង១៤ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យរាល់ការខួងឆ្លងផ្លូវ ជីកកាយកប់ខ្សែកាប្លិ៍ក្រោមដី ដោយស្ថាប័នរដ្ឋនានា និងក្រុមហ៊ុនឯកជនទាំងនោះឡើងវិញ ដោយសារតែវាបង្កអោយមានភក់ជ្រាំ គង្ហុកទុកចោល និងដីហុយជាដើមដែលទទួលរងនូវការរិះកន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង

  ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពី ការជួសជុលគន្លងខ្សែកាប្លអាកាសដែលបានជីកកប់ក្រោមដី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ខែឧសភានេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ទាំងរដ្ឋនិងឯកជនជាច្រើននាក់ នៅសាលារាជធានីភ្នំពេញ។

   លោកអភិបាលបញ្ជាក់ថា បើទោះជាមានលិខិតអនុញ្ញាតិក៏ដោយ ក៏ត្រូវតែចុះពិនិត្យស្ថានភាពជាក់ស្តែងដែរ ដើម្បីដឹងថាការជីកឬខួងផ្លូវរបស់អង្គភាពទាំងនោះ មានផលប៉ះពាល់អ្វីខ្លះ និងមានការទទួលខុសត្រូវបែបណា ពីអង្គភាពទាំងនោះ ត្រូវតែមានកិច្ចសន្យាជាក់លាក់ថាក្រោយពេលជីកកាយកប់ឬឃួងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុលឱ្យបានត្រឹមត្រូវតាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ។

   លោកអភិបាលក៏បាន ស្នើឱ្យអាជ្ញាធរមូលដ្ឋាន មាន សង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវតែពិនិត្យមើលជាប្រចាំ ដើម្បីឱ្យបានដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន មានកន្លែងណាជីកកាយឬខួងផ្លូវធ្វើអ្វី ព្រោះថាកន្លងមកនេះ មានការណីលួចជីកកាយនិងឃួងផ្លូវហើយអាជ្ញាធរមិនបានដឹង ធ្វើឱ្យខូចផ្លូវហើយគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញ។លើសពីនេះ លោក អភិបាលស្នើឱ្យពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្ករឱ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ បើរកឃើញក្រុមហ៊ុនដឹកដីឬខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសំអាតត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥។

    លោកឃួង ស្រេង ក៏បានស្នើផងដែរថា រាល់សកម្មភាពការងារ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និងមានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង