សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចូលកម្ពុជា ដោយមិនចាំបាច់បញ្ជាក់សុខភាព
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចវិលចូលកម្ពុជាបាន ដោយមិនចាំបាច់មានលិខិតបញ្ជាក់សុខភាពឡើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថា ពលរដ្ឋខ្មែដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ លោកថា មិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩នោះទេ។ លោកបន្តថា វិធានការរបស់លោកនេះ គឺធ្វើឡើងដើម្បីជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
បើតាមផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister បានផ្សាយព័ត៌មានថា នៅថ្ងៃទី២៧ ឩសភា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។
វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសខ្លួនវិញ។
ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថាតើមានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕ដោយ៖កូឡាប