ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា

74

 

​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា បាន​ថ្លែងថា ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បានធ្វើការ​ជាមួយនឹង ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា ដោយបាន​ធ្វើការ​ណែនាំ ធ្វើយ៉ាងណា មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ តម្លើង​តំលៃ​ទំនិញ​នៅ​កម្ពុជា និង​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ ឲ្យ​មានការ​ចែករំលែក​នូវ​សម្ភារ​ដូចជា សម្ភារ​អនាម័យ​មាន​ម៉ាក ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ជាមួយនឹង​ឯកឧត្តម ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា​។​

​ក្នុង​កិច្ច​ពិ​ភា​ក្សា្ន​គ្នា​នេះ ឯកឧត្តម ប៉ាន​យ៉ា​រ៉ា​ក់ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​សម្ដេច​តេ​ជោ​ដែល​បានដាក់​វិធានការ​យ៉ាង​ប្រាកដនិយម ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ អំពី​ការ​រាតត្បាត​នៅ​កម្ពុជា​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា វិធាន​ការដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ទប់ស្កាត់ មិន​ឲ្យ​មានការ​រាតត្បាត​នៅ​កម្ពុជា​ទៀតឡើយ​។​

​ឯកឧត្តម​ក៏បាន​រាយការណ៍​ជូន​សម្ដេច អំពី​សកម្មភាព​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា គឺ​ឯកឧត្តម​បានធ្វើការ​ជាមួយនឹង ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា ដោយបាន​ធ្វើការ​ណែនាំ​ធ្វើយ៉ាងណា មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​តម្លើង​តំលៃ​ទំនិញ​នៅ​កម្ពុជា និង​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ ឲ្យ​មានការ​ចែករំលែក​នូវ​សម្ភារ​ដូចជា សម្ភារ​អនាម័យ​មាន​ម៉ាក ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។​

​ជាពិសេស​ឯកឧត្តម ក៏បាន​ណែនាំ​និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ទាំងអស់ ដោយ​ធ្វើយ៉ាងណា​គោរព នូវ​រាល់​វិធានការ​ទាំងឡាយ របស់​ក្រសួងសុខាភិបាល ដែល​បានដាក់​ចេញមក​។ ស្ថិតក្នុង​ឱកាស​ខួប​លើក​ទី ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ ឯកឧត្តម​ក៏បាន​នាំយក​ថវិកា​ចំនួន ២ លាន​បាត ដើម្បី​ប្រគល់ជូន​សម្ដេច​តេ​ជោ ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ covid-19 របស់​ស្ថានទូត​ថៃ ដូចជា​របស់​ប្រជាជន​ថៃ និង​រាជរដ្ឋាភិបាល​ថៃ​ជាមួយ​កម្ពុជា​។​

​សម្ដេច​តេ​ជោ មានប្រសាសន៍ថា វា​ជាការ​ឆ្លុះបញ្ចាំង​នៃ​ការ​សាមគ្គីភាព​រវាង​កម្ពុជា នឹង​ថៃ ក៏ដូចជា​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ផងដែរ​។ សម្ដេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធាន​ការដែល​រាជរដ្ឋាភិបាល​ថៃ បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា វិធានការ​ទាំងឡាយ​ដែល​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល​ថៃ គឺមាន​ភាពប្រាកដនិយម​។ ក្នុងន័យនេះ​សម្ដេច​មានប្រសាសន៍ថា ជា​សក្ខីភាព​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​ព្រំប្រទល់​ថៃ​មក​កម្ពុជា​យើង​កន្លងមក​ជាង ៩​ម៉ឺន​នាក់ ហើយ​អ្នក​ទាំងនោះ​គ្មាន​ជនណាម្នាក់​ឆ្លង ឬ​នាំយក​ជំងឺ​កូ​វីដ​១៩​មក​កម្ពុជា​ឡើយ​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា នេះ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ថា​ប្រទេស​ថៃ​មិនមែនជា​ប្រទេស​ចម្លង​មេរោគ​កូ​វីដ​នោះទេ​។​

​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូត​ថៃ​ផងដែរ​ថា ថ្មីៗ​នេះ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​អំពាវនាវ​និង​ធ្វើការ​ជាមួយនឹង​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​ធ្វើយ៉ាងណា ឱ្យ​អនុវត្ត​ឲ្យ​ខាន​តែ​បាន​តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។​ជាមួយគ្នានេះ សម្ដេច​ក៏បាន​ជម្រាប់ជូន​ឯកអគ្គរាជទូត​ថៃ​ដែរ​ថា ថ្ងៃនេះ​កម្ពុជា​បានសម្រេច​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​ដែល​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ គឺ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ពី​ប្រទេស​ដែល​ប្រជាជន​កម្ពុជា​ចេញដំណើរ​នោះមក​ទេ ប៉ុន្តែ​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ របស់​ក្រសួង​ក្រសួងសុខាភិបាល​នៅពេល​មកដល់​កម្ពុជា​វិញ​។​

​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​សារជាថ្មី ចំពោះ​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល​ថៃ ប្រជាជន​ថៃ និង​ស្ថានទូត​ថៃ ហើយ​សម្ដេច​បាន​មានប្រសាសន៍​ផងដែរ​ថា នៅពេលនេះ​គឺជា​ពេលវេលា ដែល​យើង​ត្រូវ​រួមគ្នា​សាមគ្គី​គ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ ដែលជា​សង្គ្រាម​ជាមួយនឹង​សត្រូវ​គ្មាន​ស្រមោល​៕​

អត្ថបទដែលជាប់ទាក់ទង