នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ស្នើសុំប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់ បន្តអនុវត្តផែនការសកម្មភាព ត្រួតពិនិត្យគ្រឿងញៀន អនុតំបន់ទី១១
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ មន្ត្រីសម្របសម្រួលប្រទេសហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មUNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថ្លែងថា ដោយសារបញ្ហាCovid-19 យើងពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNODC ឡើយ និងសុំស្នើអង្គប្រជុំរបស់យើងជជែកពិភាក្សាគ្នា រកឲ្យឃើញនូវដំណោះស្រាយ សមស្របណាមួយដើម្បីអនុវត្តផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតបឲ្យបានទៅនឹងការគំរាមកំហែង ដោយគ្រឿងញៀនបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ស្របពេលដែលយើងមានបញ្ហាជំងឺCovid-19 កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់ និងលើសកលលោកមានការធ្លាក់ចុះបានធ្វើឲ្យក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមានអង្គការចាត់តាំងបានបង្កើនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀន ក្នុងស្រុកធ្វើសកម្មភាពល្មើសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំង ក្នុងការអនុវត្តផែនការអនុតំបន់ ដែលរៀបចំដោយអង្គការUNODC ។
ជាមួយគ្នានេះ កម្ពុជាបានចូលរួមសកម្មភាពជាមួយតំបន់ និងសាកលលោក ខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្ត្រពហុវិស័យ ស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន៩.៨០៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន៧៥០គីឡូក្រាម៕