លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នឹងប្រកាសនៅថ្ងៃទី១១សីហា ហើយប្រកាសលទ្ធផលផ្លូវការនៅថ្ងៃ១៥ សីហា
ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះបានបង្ហាញថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន៦.៨៨៥.៧២៩លាននាក់ ស្មើនឹង៨២,១៧%គិតត្រឹមម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការបោះឆ្នោតជាថ្មី។ ដោយឡែកលទ្ធផលផ្លូវការ ក៏នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ។
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន ជំនាញការJICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ផងដែរ។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ចំពោះលទ្ធផលបណ្តោះអាសន្ន គ.ជ.បនឹងផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោតសារជាថ្មី។ រីឯលទ្ធផលផ្លូវការ នឹងផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោត សារជាថ្មី។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុននឹងឈានដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការខាងមុខនេះ គ.ជ.បក៏នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះមុនផងដែរ។ លទ្ធផលបឋម ត្រូវផ្សាយចេញ ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង១៖០០នាទី រំលងអធ្រាត្រនាយប់នេះ។ ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវប្រកាសលទ្ធផលបឋមរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ Online គ.ជ.ប វិទ្យុ Online គ.ជ.ប គេហទំព័រគ.ជ.ប និង Facebook របស់គ.ជ.ប ។
ខាងក្រោមលទ្ធផលបណ្តោះអាសន្នពី គ.ជ.ប៖