ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ ពិនិត្យឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់ បម្រុង​ឆ្លងដែន ចូលទៅក្នុង​ទឹកដី​ថៃ​

64

 

​ភ្នំពេញ​៖ កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ស្វាយចេក ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន ក្នុង​នោះបាន​ពិនិត្យឃើញ​ប្រជាពលរដ្ឋ ដែល​បម្រុង​ឆ្លងដែន ចូលទៅក្នុង​ទឹកដី​ថៃ​វិញ ដោយ​ខុសច្បាប់​ចំនួន​៣៥​នាក់​ស្រី​១១​នាក់​។​

​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ ពុធ ទី​២៧ ខែ ឧសភា​ឆ្នាំ​២០២០ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ផែន​ការងារ​ព្រំដែន លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេ​ប ញ្ជា​ការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ លោក​មេបញ្ជាការរង បាន​ដឹក នាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ស្វាយចេក ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន ក្នុង​នោះបាន​ពិនិត្យឃើញ​ប្រជាពលរដ្ឋ​ដែល​បម្រុង​ឆ្លងដែន ចូលទៅក្នុង​ទឹកដី​ថៃ​វិញ ដោយ​ខុសច្បាប់​ចំនួន​៣៥​នាក់​ស្រី​១១​នាក់​។​

​នគរបាល​បាន​នាំ​ពួកគាត់​មក​ធ្វើការ​សាកសួរ​ហើយ​ក្រោយពេល​សាកសួរ ពី​គោលបំណង​រួចហើយ​បានធ្វើ​ការអប់រំ​ណែនាំ និង​បានធ្វើ​កិច្ចសន្យា រួច​បញ្ជូន​ពួកគាត់​ទៅ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក​កំរៀង ដើម្បី​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីជូនដំណឹង​ណែនាំ​ឯកឧត្តម លោកជំទាវ អភិបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេសជិតខាង ស្ដីពី​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំឱ្យ​ឆ្លងដែន ដោយ​ខុសច្បាប់ ចូលទៅ​ប្រទេសជិតខាង តាម​ច្រករបៀង​នានា ជាពិសេស​ត្រូវ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​មេខ្យល់​ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ឆ្លងដែន​។​

​បើតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ដឹងថា ការទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ប្រទេសជិតខាង គឺ​ដើម្បី​ពង្រឹង​នូវ​ការគ្រប់គ្រង ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ចេញចូល​ប្រទេសជិតខាង ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការការពារ​នូវ​ផលប្រយោជន៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ។​

​ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់ អភិបាលខេត្ត ត្រូវ​ចាត់ចែង​អនុវត្ត​នូវ​វិធានការ​នានា​ដូចជា ត្រូវ​កោះប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ជាបន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​នៅតាម​តំបន់​ព្រំដែន ឲ្យ​ចូលរួម​សហការគ្នា ដាក់ចេញ​នូវ​វិ​ធាំ​ន​ការទប់ស្កាត់​ការចេញចូល​ឆ្លងដែន​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។ ត្រូវ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់ខ្លួន​មេខ្យល់​ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា ។ ក្នុងករណី​ដែល​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង​បាន​ចាប់​ឃាត់ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា រដ្ឋបាលខេត្ត​ត្រូវ​ទំនាក់ទំនង និង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​ប្រទេស​ជិត​ខាត​ចាត់​បញ្ជូន​ពួកគាត់​វិលត្រឡប់ មក​កម្ពុជា​វិញ និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​សុខភាព ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក និង​ការដឹកជញ្ជូន​បងប្អូន​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​សមស្រប​។ បច្ចុប្បន្ន​ប្រទេសជិតខាង នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ហេតុនេះ រដ្ឋបាលខេត្ត​ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង ក្នុង​រយៈពេល​នេះ ជាដាច់ខាត​។ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ និង​គោលការណ៍​ណែនាំ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕

 

អត្ថបទដែលជាប់ទាក់ទង