ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជប៉ុន គ្រោង​នឹង​ផ្ដល់នូវ ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦២​លាន ដុល្លារ ដល់​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​

167

 

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​ព័ត៌មាន​ថា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អមដោយ​មន្ត្រីការទូត​ជប៉ុន និង​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​កម្ពុជា​, នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្ដល់នូវ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២.៥០១​លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ៦២,៧៣​លាន ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​កម្ពុជា ។
​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​រួម អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា រហូតមក ជាពិសេស​ចំពេល​ដែល​កម្ពុជា ក៏ដូចជា ពិភពលោក កំពុងតែ​ជួប​វិបត្តិ និង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្តល់នូវ ហិរញ្ញប្បទាន​ឥត​សំណង ទឹកប្រាក់​ប្រមាណ ៦០០០​លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការផ្តល់​ជា​ឧបករណ៍ សម្ភារៈ និង​បរិក្ខារ​ពេទ្យ ជូន​ក្រសួងសុខាភិបាល សម្រាប់​ទប់ស្កាត់ និង​បង្ការ​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ។​

​ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ទូត​ជប៉ុន​ផងដែរ អំពី​វិធានការ​បន្ទាន់ៗ​បន្តបន្ទាប់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​សំដៅ​ជួយ ដល់​វិស័យ​ឯកជន កម្មករ និយោជិត និង​ជន​ងាយ​រងគ្រោះ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ដើម្បី​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​នេះ ដែល​មកដល់​បច្ចុប្បន្ន វិធានការ​ទាំងនេះ បាន​ឈានដល់​វិធានការ​ជុំ​ទី ៤ ហើយ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម MIKAMI Masahiro បាន​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ យ៉ាង​ល្អប្រសើរ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ។ រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង ជាពិសេស​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ផងដែរ សម្រាប់​ជួយ​គាំទ្រ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ក៏បាន​ជម្រាប​អំពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ដែល​បាន​នាំមក​នូវ​សមិទ្ធផល ប្រកបដោយ​ផ្លែផ្កា​ជាច្រើន ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ។ ផ្អែក​តាម​ស្មារតី នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​+៣ ស្តីពី​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ រដ្ឋាភិបាល​ជប៉ុន បានបង្ហាញ​នូវ​ជំហរ​ជួយ ដល់​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ ។​

​ឯកឧត្តម​អគ្គរាជទូត​បញ្ជាក់ថា ជាក់ស្តែង ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង បន្ត​ផ្តល់នូវ​ហិរញ្ញប្បទាន ឥត​សំណង​សម្រាប់​គម្រោង ចំនួន​ពីរ មាន​ទឹកប្រាក់​សរុប​ប្រមាណ ២.៥០១​លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ៦២,៧៣​លាន ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង សុខាភិបាល​កម្ពុជា​ផងដែរ ។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​អរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ទូត​ជប៉ុន រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែលជា​និច្ចកាល​តែងតែ​ផ្តល់នូវ វិភាគទាន​ជា​ហិរញ្ញប្បទាន​ដល់​ការស្តារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។ រដ្ឋាភិបាល​ជប៉ុន តែងតែ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំ​គោលដៅ និង​ទាន់ពេលវេលា ជាពិសេស​ក្នុងពេល​ជួប​ការលំបាក ។ សកម្មភាព​ទាំងនេះ គឺជា​កាយវិការ​មនុស្ស​ធម៌​ដ៏​ថ្លៃថ្លា ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា “​ប្រទេស​ជប៉ុន គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ប្រពៃ និង​ជា​មិត្ត​ភ័​ក្ត​ដ៏​ល្អ សម្រាប់​កម្ពុជា​” ៕

អត្ថបទដែលជាប់ទាក់ទង