សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាលកម្ពុជា ហើយក្នុងពេលកន្លងទៅថ្មីៗនេះ បណ្ឌិតសភានគរបាលកម្ពុជា ក៏ទើបតែបានឆ្លងនូវផែនការសកម្មភាពផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០របស់ខ្លួនផងដែរ ដែលផែនការនេះត្រូវបាននិងកំពុងចាត់ចែងអនុវត្តក្នុងពេលបច្ចុប្បន្ន។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្តថា ចំពោះផែនការសកម្មភាពឆ្នាំ២០២០កន្លងទៅ ក៏បានជួបនូវឧបសគ្គខ្លះៗផងដែរ ដែលជាបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ហើយសូម្បីតែការសិក្សារៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិ ក៏យើងបានផ្អាកទូទាំងប្រទេស។
ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោម ក៏បានស្នើដល់អគ្គនាយកដ្ឋានផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ ឲ្យបន្តខិតខំថែមទៀត ដើម្បីអាចធ្វើជាមូលដ្ឋានបង្អែកក្នុងការធ្វើសកម្មភាព។ សម្តេច ក៏បានមានប្រសាសន៍ថា ជាការពិតសម្តេចក៏យល់ថា កន្លែងខ្លះក៏ពិបាកក្នុងការធ្វើផែនការជាក់លាក់នេះផងដែរ ប៉ុន្តែយើងត្រូវតែខិត្តឲ្យអស់លទ្ធភាព ដើម្បីបានជាមូលដ្ឋាន និងជាបទពិសោធន៍សម្រាប់យកទៅអនុវត្តនៅពេលខាងមុខទៀត។ សម្តេចក្រឡាហោម ក៏បានជម្រុញឲ្យអង្គភាព ឬអគ្គនាយកដ្ឋានទាំងអស់ បើបានរៀបចំផែនការសកម្មភាពឆ្នាំ២០២០រួចហើយ សូមឲ្យខិតខំបន្តរៀបចំធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១បន្តទៀត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៏គោរពជូនអង្គប្រជុំពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២១នេះថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាលកម្ពុជា នេះត្រូវបានរៀបចំឡើងដោយយោងទៅលើចំណុចចំនួន៥ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្របណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាការឆ្លងយោបល់ជាមួយឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការផងដែរ៕