ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ភ្នំពេញពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រនិងបានផ្តល់អង្កចំនួន១៤០តោន ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ

87

ភ្នំពេញ ក្រោយ កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគបន៍ ដែលកំពុងប្រឈមនឹង ការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលរាគកវីដ ១៩ ស្របតាម ខ្លឹមសារនៃលិខិតលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញបាន ផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងប្រឈមមុខទៅនឹងជំងឺកូវីដ១៩ ហើយការផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈដែលយើងកំពុងប្រឈមនេះ។

    លោកឃួង ស្រេងបានលើកឡើងថា ក្នុងស្ថានភាពកវីដ ១៩ ដែលបានដឹង កំពុងរាតត្បាតនៅក្នុងបណ្តាប្រទេស និងដែន ដីចំនួន ២១០ ទូទាំងពិភពលោក

ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែង នៃជំងឺកូវីដ១៩ ដូចគ្នាផងដែរ ។ទោះបីមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរ រួមនិងជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី ប៉ុន្តែ យើងមិនទាន់អាចយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាននូវឡើយទេដែល បានបង្កើតឱ្យមានផលប៉ះពាល់លើវិស័យ វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយចៀសមិនរួច។ ចំពោះការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ ថាជា បញ្ហារួមរបស់ប្រទេសជាតិទាំងមូល ដូច្នេះ វិធានការនានា ត្រូវដាក់ចេញដោយគណៈកម្មការជាតិ ក្រោមការ បញ្ជាផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រ៖ រាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាស្ថាប័នអនុវត្តនាំមុខ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រតិបត្តិករសហការអនុវត្ត រាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ យ៉ាងណាមិញ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋានបានសហការអនុវត្តនូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈ ការអនុវត្តនូវអនុសាសន៍ឆ្លើយតបភ្លាមៗដូចជាមិនឱ្យមាន ការជួបជុំរៀបចំកម្មវិធីពិធីសាសនា

បិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំងស្រុងនូវកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV), ក្លឹប , រោងភាពយន្ត , បៀរហ្គាឌិន កាស៊ីណូណាហ្គាវើល , និងកន្លែងសប្បាយភាពក្នុង វិស័យទេសចរណ៍ជាដើម។បានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលាចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុល សង្គម ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញផលប្រយោជន៍ បង្កឱ្យ មានចលាចលក្នុងសង្គម។

បានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និង សហគមន៍ ជាមួយនឹងការផ្សព្វផ្សាយតាមបណ្តាញ , ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ

  បន្ថែមលើនេះទៀត កាលពីថ្ងៃទី២៥ ខែឧសភា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តី ណែនាំ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញថែមទៀត។

  ពាក់ព័ន្ធនិងស្ថានភាពសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ និងការធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងសហគមន៍នៅរាជធានីភ្នំពេញ លោកឃួងស្រេងបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ ក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញនូវ ចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទអភិវឌ្ឍន៍ ១០០ សហគមន៏ ផែនការ ក្នុង១ឆ្នាំតាមរយៈផ្តល់សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍលំនៅដ្ឋាន នៅនឹងកន្លែង យើង បានរកឃើញ

សហគមន៍ក្រីក្រនៅរាជធានីចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន តែក្រោមម្លប់សន្តិភាព នៃនយោបាយ ឈ្នះឈ្នះ៖របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួនសហគមន៍ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០

  លោកបន្តថា ជាទិសដៅភារកិច្ច និងយន្តការគាំទ្រចំពោះប្រជាព៌លរដ្ឋក្រីក្រ សម្រាប់កិច្ចប្រជុំនេះ យើងនឹងកំណត់រួមគ្នាអំពីទិសដៅភារកិច្ច និងយន្តការគាំទ្រជួយដល់ ប្រជាពលរដ្ឋក្រីក្រតាមរយៈកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋានជាមួយនិងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅតាមបណ្តាខណ្ឌទាំង ១៤

  គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិខាងលើលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានប្រគល់អង្កចំនួន១៤០ តោនរបស់នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនរដ្ឋបាលរាជធានីភ្នំពេញ និងបន្តប្រគល់ជូនខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអង្កចំនួន១០តោនដើម្បីរួមចំណែក សម្រាលដល់ទុក្ខលំបាករបស់ប្រជាសហគមន៍ក្រីក្រ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ៕

 

អត្ថបទដែលជាប់ទាក់ទង