ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ បញ្ជាក់ថា ក្រដាសប្រាក់​១$ ២$ និង​៥$ នៅតែ អាច​ចរាចរ លើ​ទីផ្សារ​បាន​ធម្មតា​

125

 

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៨​ខែឧសភា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី កិច្ចប្រជុំ​ពិភាក្សា​អំពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ នៅ​កម្ពុជា​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ នៅតែ​ចាយ​បាន​ដូច​ធម្មតា​នៅលើ​ទីផ្សារ មិនមាន​ការហាមឃាត់​នោះទេ ប៉ុន្តែ​នៅពេល​ខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ផ្អាក​ការទទួលយក​ក្រដាសប្រាក់ ដុល្លារ​អាមេរិក​ទាំងនេះ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ​។​

ដោយ​ពិនិត្យឃើញថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ អង្គប្រជុំ​បាន​ឯកភាព​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖

១) ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​

២) បន្ទាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០$ ឡើងទៅ គឺ​មិនមាន​កម្រៃ​សេវា​ទេ​

៣) ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៕​

អត្ថបទដែលជាប់ទាក់ទង