ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីបង្ការជំងឺកូវីដ១៩ ត្រូវគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារ រស់នៅកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅកន្លែងឃុំឃាំងទាំងអស់

62

 

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា រាល់វិធានការដែលបានដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីបង្ការជំងឺកូវីដ១៩នេះ ត្រូវគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារគ្រប់រូបជាចម្បង ជាពិសេសកុមាររស់នៅកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅកន្លែងឃុំឃាំងទាំងអស់។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ត្រូវយកចិត្តទុកដាក់លើការគាំទ្រសុខភាពផ្លូវចិត្ត និងកាយរបស់កុមារ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារចូលរួមក្នុងសេចក្តីសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ដល់កុមារ។

ទោះបីឆ្នាំនេះប្រទេសកម្ពុជា និងពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឱ្យមានការរំលឹកនូវទិវាដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នា បន្តលើកស្ទួយវិស័យសុខុមាលភាពកុមារ ឱ្យកាន់តែប្រសើរឡើង។

ក្នុងស្មារតី ដើម្បីរួមចំណែកគាំទ្រខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូបនៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារមានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណា ឲ្យកុមារគ្រប់រូបនៅកន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យនិងទឹកស្អាតស្មើៗគ្នា នៅក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។

ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួន ប្រឆាំងនឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យអំពីការរំលោភបំពានតាមគ្រប់រូបភាព។

រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២០ ដើម្បីបង្ហាញអំពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារនិងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថាៈ ការគាំពារ និងអភិវឌ្ឍន៍កុមារ គឺត្រូវមានកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ ក្នុងការចិញ្ចឹមបីបាច់ ថែទាំ ផ្ដល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ ថែទាំសុខភាព អនាម័យ និងជំរុញការអប់រំរៀនសូត្រ ក្នុងគោលបំណងការពារនិងលើកកម្ពស់ការអភិវឌ្ឍ សុខភាព រាងកាយ អារម្មណ៍ផ្លូវចិត្ត សីលធម៌ វប្បធម៌ បញ្ញាស្មារតី និងការគិតរបស់កុមារ ៕

អត្ថបទដែលជាប់ទាក់ទង