អ្នកសង្កេតការណ៍អន្តរជាតិថា ដំណើរការបោះឆ្នោត នៅកម្ពុជា ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងគ្មានអ្នកបោះជំនួស
ភ្នំពេញ៖ តំណាងអ្នកសង្កេតការណ៍មកពីប្រទេសនេប៉ាល បានកោតសសើរពីដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋ បានអញ្ជើញចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ គ្មានការរំខាន ពីភាគីណាមួយ និងគ្មានអ្នកបោះជំនួស។
តំណាងអ្នកសង្កេតការណ៍មកពីប្រទេសនេប៉ាល បានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា ដោយ
បានសម្តែងការកោតស្ងប់ស្ងែង ចំពោះស្ថានភាពសន្តិភាព សន្តិសុខ នៅក្នុងប្រទេសកម្ពុជា ជាពិសេសដំណើរការបោះឆ្នោត ដោយបានសង្កេតឃើញប្រជាពលរដ្ឋនាំកម្ពុជា បានទៅចូលរួមបោះឆ្នោត ដោយបានបង្ហាញពីសន្តិសុខ ដែលផ្ទុយពីប្រទេសនេប៉ាល មិនអាចធ្វើបែបនេះបាន។
តំណាងអ្នកសង្កេតការណ៍មកពីប្រទេសនេប៉ាល បានបង្ហាញថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនិយោយបាយ ដែលផ្ទុយស្រឡះពីបណ្តាប្រទេសមួយចំនួន ឱ្យតែដល់រដូវការបោះឆ្នោត ប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ពួកគេ ហើយការបោះឆ្នោត បានបិទបញ្ចប់ ដោយជោគជ័យ និងគ្មានអំពើហិង្សា។
តំណាងអ្នកសង្កេតមកពីចិន ក៏បានអបអរសាទរ ចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ គ្មានការរំខាន ពីភាគីណាមួយ។ តំណាងមកពីចិនឲ្យដឹងទៀតថា ជប៉ុនបានផ្តល់ហិបឆ្នោតមកដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហើយចិនក៏បានផ្តល់ជំនួយមកជាបន្តបន្ទាប់ផងដែរ។
អ្នកសង្កេតការណ៍ប្រទេសបារាំង ក្នុងចំណោមអ្នកសង្កេតការណ៍អន្តរជាតិ បានលើកឡើងថា នៅកម្ពុជាមិនមានការបោះឆ្នោតជំនួស ដូចជាករណីបោះជំនួសអ្នកឈឺ និងអ្នកមានបញ្ហាអ្វីផ្សេងទៀត។អ្នកសង្កេតការណ៍ប្រទេសបារាំង បានកោតសរសើរ ពីដំណើរការបោះឆ្នោតនៅកម្ពុជាថា មានភាពរលូន ល្អប្រសើរ គ្មានអ្វីកើតឡើងឡើយ៕