សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់លុយ ១$ ២$ និង៥$ នៅចាយធម្មតា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសប្រាប់ប្រជាពលរដ្ឋថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ។ ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ក៏ដូចជាំបងប្អូនអាជីវករមួយចំនួនបដិសេធមិនយកលុយ ១$ ២$ និង៥$ ។
នៅថ្ងៃទី២៩ខែឧសភានេះ សម្តេចតេជោ បានបញ្ជាក់ថា
ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា៊
តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានមានថ្លែងថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និង ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា”។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានប្រកាសជាសាធារណៈថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។
ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១) ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា
២) បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេស លើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ
៣) ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សានិងឯកភាពលើបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
លើទិដ្ឋភាពគោលនយោបាយ៖
– នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពពិភពលោក ហើយកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ការពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព។ ក្នុងទិសដៅនេះ កម្ពុជាត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដោយគួរចាប់ផ្តើមពីការចាយវាយលើប្រតិបត្តិការដែលមានទំហំតូចទៅ។ ដូច្នេះ ការទុកឱ្យ ចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគឺជាឧបសគ្គមួយក្នុងការជំរុញ ការប្រើប្រាស់ប្រាក់រៀល
– ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញនិងលំហូរចេញនៃមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ ។ល។)។ ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះមានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។
លើទិដ្ឋភាពបច្ចេកទេស៖
– ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណ ចេញ- ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ ក៏កន្លងមកធនាគារជាតិនៃកម្ពុជាបានសម្រួល ការដឹកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលអាមេរិក មកប្រើប្រាស់ នៅកម្ពុជា។ ដោយឡែកចំពោះក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច និងចាស់ ទក់ រហែក ធនាគារជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយហេតុថា ការដឹកចេញក្រដាសប្រាក់ទាំងនេះ ត្រូវចំណាយពលកម្មនិងថវិកាខ្ពស់ ដែលខុសពីក្រដាសប្រាក់រៀលដែលធនាគារជាតិនៃកម្ពុជាអាចកាត់និងកម្ទេចចោល ហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។
ម្យ៉ាងទៀត ធនាគារដៃគូក្រៅប្រទេស ដែលជួយសម្រួលទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច មានចំនួនតិចទៅៗ ហើយធនាគារទាំងនេះក៏បានរឹតបន្តឹងការទទួលក្រដាសប្រាក់ដុល្លារ អាមេរិកតូចៗផងដែរ ទោះបីជាផ្តល់កម្រៃសេវាខ្ពស់ក៏ដោយ។ ការណ៍នេះ កាន់តែលំបាកបន្ថែមទៀតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ លើពិភពលោក ដែលបណ្តាល ឱ្យជើងហោះហើរចេញនិងមកកម្ពុជាមានតិចបំផុត។
ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
– ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
– បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ និង
– ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ការពិភាក្សាក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ៕