គណបក្សប្រជាជនកម្ពុជា អរគុណប្រជាពលរដ្ឋ ដែលទៅបោះឆ្នោត
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីទ្រទ្រង់ប្រព័ន្ធនយោបាយ សេរី ពហុបក្សនៅកម្ពុជា។
គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណ ចំពោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ មកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងបណ្តាញគណបក្សនយោបាយអន្តរជាតិ មកពីប្រទេសចំនួន៥២ ជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សី នៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ ដោយសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២,១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃអាទិត្យនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សប្រជាជនកម្ពុជា ជឿជាក់ថា ប្រព័ន្ធនយោបាយសេរី ពហុបក្ស គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរ គ.ជ.ប ក្នុងការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជាសកលប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។