ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម អរគុណកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ការពារសន្ដិសុខ សណ្ដាប់ធ្នាប់បោះឆ្នោតដោយរលូន​

406


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានថ្លែងសារអរគុណដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។

សម្ដេចក្រឡាហោម ស ខេង ថ្លែងសារតាមរយៈហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះថា “ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ បានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានប្រកប ដោយសុវត្ថិភាព គ្មានអំពើហិង្សា ។ ការសម្រេចបាននូវជោគជ័យ ក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកយ៉ាងសំខាន់ ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំ ខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា “៕

អត្ថបទដែលជាប់ទាក់ទង