ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច

129

​សៀមរាប ៖ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​ទៅលើ​អាជីវកម្ម​សូត្រ ឈានមុខ​ក្នុងការ​បង្កើត​គ្រោងការណ៍ កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ផលិត​សូត្រ​ឆៅ សម្រាប់​ប្រតិបត្តិការ​របស់​ពួកគាត់​។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) និង​ក្រុមហ៊ុន ជី​អេស​ឌី ភា​ច (GSD PHEACH CO., LTD) ស្តីពី​អភិវឌ្ឍន៍​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​សូត្រ​ខ្មែរ នៅ​ភូមិ​ប្រី​យ៍ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ពិធី​ចុះហត្ថលេខា​នេះ រៀបចំឡើង​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​កន្លែង​ផលិត​សូត្រ ដោយមាន​ការចូលរួម​ពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ចាន់ សុខ​ទី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​នាយក​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច លោកស្រី អ៊ុំ សោភា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន GSP Pheach Co. ,LtD ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ដៃគូរ​អភិវឌ្ឍន៍ ក្រុម​កសិករ​ផលិត​សូត្រ​ខ្មែរ ព្រមទាំង​ក្រុមការងារ​គម្រោង​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា ដើម្បី​ធ្វើឱ្យ​វិស័យ​សូត្រ​ខ្មែរ​មាន​ភាពរស់រវើក​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​សូត្រ​ជាតិ ២០១៦-២០២០ ក្នុង​គោលបំណង​ធ្វើឱ្យ​ការចិញ្ចឹម​កូន​នាង​ស្រាវ​យក​សូត្រ មាន​ភាពទំនើប​ទាន់សម័យ​និង​ប្រកបដោយ​ចីរភាព​។ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​សូត្រ ដើម្បី​ដោះស្រាយ​កង្វល់​ជា​អាទិភាព និង​ពង្រីក​វិស័យ​សូត្រ​សម្រាប់​សេដ្ឋកិច្ចជាតិ ដោយ​ផ្អែកលើ​តម្រូវការ​ផលិតផល​សូត្រ​នៅក្នុង​ស្រុក និង​ទីផ្សារ​អន្ដរជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ដើម្បី​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​ទៅលើ​អាជីវកម្ម​សូត្រ​ឈានមុខ ក្នុងការ​បង្កើត​គ្រោងការណ៍​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ផលិត​សូត្រ​ឆៅ​សម្រាប់​ប្រតិបត្តិការ​របស់​ពួកគាត់​។ ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន​-​សាធារណៈ​ទាំងនេះ ក៏មាន​ការរៀប​ចំការ​ផ្គត់ផ្គង់​សំបុក​កូន​នាង ដែលមាន​គុណភាព​ល្អប្រសើ​រ​ជាង​មុន និង​ជំរុញ​ការដាំ​ដើម​មន​មាន​គុណភាព​តាមរយៈ​ការដាំដុះ​ដោយ​ឯកជន​។ តាមរយ​:​សកម្មភាព​ទាំងនេះ គម្រោង​រំពឹងថា កសិករ​នឹងមាន​ការកើនឡើង​នូវ​ប្រាក់ចំណេញ ពី​ការផលិត​សូត្រ​ឆៅ​ខ្នាតតូច និង​ផ្គត់ផ្គង់​សូត្រ​ឆៅ​សម្រាប់​ត្បាញ និង​រចនា​ជា​ផលិតផល​សូត្រ​សម្រេច​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា គម្រោង​សម្របសម្រួល​វេទិកា​ពហុភាគី​ពាក់ព័ន្ធ ជាមួយ​តួអង្គ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​សូត្រ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ក្នុង​វិស័យនេះ ដូចជា បច្ចេកទេស ប្រព័ន្ធ​ស្រោចស្រព ឥណទាន និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។ ទន្ទឹមនឹងនេះ គម្រោង​ក៏បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជី​អេស​ឌី ភា​ច (GSD PHEACH CO., LTD) នៅ​ខេត្តសៀមរាប ដោយ​ធ្វើការ​ប្រមូលផ្តុំ​ក្រុម​កសិករ​ផលិត​ដែលមាន​ស្រាប់ និង​ចងក្រង​បង្កើត​ក្រុម​កសិករ​ផលិត​ថ្មី ដែល​ផ្តោត​សំខាន់​លើ​ផលិតផល​សូត្រ​ខ្មែរ ដើម្បី​ពង្រីក និង​កែលម្អរ​ផលិក​ម្ម​ឱ្យស្រប​នឹង​បទដ្ឋាន​សូត្រ​ខ្មែរ ព្រមទាំង​គាំទ្រ​បច្ចេកទេស​ថ្មីៗ ក្នុងការ​ពង្រីក​ផលិតភាព​សូត្រ​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់នូវ​អនុសាសន៍​ដល់​ភាគី​ហត្ថលេខី​ទាំងពីរ ឱ្យធ្វើ​ការសហការ​គ្នា​រួមចំណែក​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ​យើង ឱ្យ​កាន់តែ​រីកចម្រើន ជួយ​បង្កើត​ការងារ កាត់បន្ថយ​ការធ្វើ​ចំណាក និង​បង្កើន​ប្រាក់ចំណូល​ដល់​បងប្អូន​កសិករ​ក្រុម​ផលិត​សូត្រ ជាពិសេស​បងប្អូន​ស្ត្រី និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខ្សែ ច្រ​វ៉ា​ក់​តម្លៃ​សូត្រ​ខ្មែរ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដែល​រក​ទទួលទាន​លើ​វិស័យ​សូត្រ​ខ្មែរ​ទាំងអស់ សូម​ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព​ផលិតផល​របស់ខ្លួន ព្រោះថា​គុណភាព​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់ធ្វើ​ការប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​

​សូមបញ្ជាក់ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)​។ គម្រោង​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មាន​គោលដៅ​លើកស្ទួយ វិបុលភាព​កសិករ​ខ្នាតតូច​កម្ពុជា តាមរយៈ​បង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ​៕​

អត្ថបទដែលជាប់ទាក់ទង