បង្គាក្លាសេមានចាក់បញ្ចូលចាហួយ ជាង ១១ តោន ត្រូវបានត្រូវកម្ទេចចោល
ភ្នំពេញ៖ មន្ត្រីអគ្គនាកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោល បង្គាក្លាសេ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម នៅទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានការចូលរួមពីមន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។
សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការ ពីមន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។
បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម៕