ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​ខែឧសភា នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​អត្រា ចំនួន​អ្នកស្លាប់ និង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ 

74

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ ៣៩​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១​ខែ (​គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០) កន្លងទៅ​ការ​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ ៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ និង​ទទួលលទ្ធផល​ដូចខាងក្រោម​៖

១៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​យានយន្ត ល្មើសច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​សរុប​ចំនួន ៤៤.៧៦៥​ករណី ក្នុងនោះ​មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ចំនួន​៣២.៧២៦​ករណី ស្មើនឹង​៧៣% និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១២.០៣៩​ករណី ស្មើនឹង​២៧%​។​

២៖ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែឧសភា ឆ្នាំ​២០១៩ ឃើញថា ស្ថានភាព​ចរាចរណ៍​មាន ភាពល្អប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន ១៣០​លើក ស្មើ​៣៧% (២១៨/៣៤៨ លើក​) អ្នកស្លាប់​ថយចុះ​៤២​នាក់ ស្មើ​២៧% (១១៣/១៥៥​នាក់​) អ្នករបួស​ថយចុះ ១៦២​នាក់ ស្មើ​៣២% (៣៤២/៥០៤​នាក់​)​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​ខែមេសា ឆ្នាំ​២០២០ នេះ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ២៨​លើក ស្មើ​១១% (២១៨/២៤៦​លើក​) អ្នកស្លាប់​ថយចុះ ១៤​នាក់ ស្មើ​១១% (១១៣/១២៧​នាក់​) អ្នក របួស​ថយចុះ​២៦​នាក់ ស្មើ​៧%(៣៤២/៣៦៨​នាក់​)​។​

​ចំណុច​កត់សម្គាល់​នោះ​គឺ អ្នកប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន លើសលប់​នៅ​ទូទាំងប្រទេស បាន​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស បើកបរ ដោយមាន​ការយោគយល់​អធ្យាស្រ័យ និង​មាន​សណ្ដាប់ធ្នាប់​ល្អ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ចូលរួម​លើកកម្ពស់ កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់​សង្គម​ជាតិ និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន ស្មារតី​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។​

៣៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែងអំណរគុណ​ដល់​សាធារណជន​ដ៏​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​គោរព អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​គាំទ្រ​ការ​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់ និង​សូម​កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ដ៏​ថ្លៃថ្លា ជំរុញ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​ការបម្រើ​សេវាសាធារណៈ ប្រកបដោយ​ភាពថ្លៃថ្នូរ ទន់ភ្លន់​សុភាពរាបសារ និង​ម៉ឺងម៉ាត់ ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​។​

៤៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែងអំណរគុណ និង​ទទួលយក​នូវ​មតិ​រិះគន់ ក៏ដូចជា​សំណូមពរ​នានា ដើម្បី​ពិនិត្យ​ឆ្លុះបញ្ចាំង និង​កែលម្អ​ទាន់ពេលវេលា​នូវ​កង្វះខាត​ទាំងឡាយ សំដៅ​ធ្វើឱ្យ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ចំពោះ​កំហុសឆ្គង​ជា​លក្ខណៈ​បុគ្គល​របស់​មន្ត្រី នគរបាល​ចរាចរណ៍​ផ្លូវគោក​មួយចំនួន​តូច ដែល​បាន​អនុវត្ត​ខុសឆ្គង​ទៅនឹង​គោលការណ៍ ខ្វះ​សីលធម៌ មាន ឥរិយាបថ​មិនល្អ​ត្រូវបានធ្វើ​ការអប់រំ កែលម្អ និង​អនុវត្ត​វិន័យ​យ៉ាង​ម៉ឺងម៉ាត់​។ ទន្ទឹម​នោះ តាមរយៈ​នៃ​ការ កែលម្អ​រាល់​កំហុសឆ្គង ដែល​បាន​កើតឡើង​កន្លងទៅ និង​ការបកស្រាយ​បំភ្លឺ​អំពី​គោលការណ៍ និង​គុណប្រយោជន៍ នៃ​ការ​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ជូន​សាធារណជន ដោយបាន​លុបបំបាត់​នូវ​ការភាន់ច្រឡំ ពី​សាធារណជន និង​ប្រជាពលរដ្ឋ ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ព្រមទាំង​បាន​បន្សាប​នូវ​ឥទ្ធិពល​នៃ ការ​ញុះញង់​ពី​សំណាក់​ក្រុម​ជន​អគតិ​មួយចំនួន ដែល​បាន​ប្រឌិត​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត មាន​ភាពលម្អៀង ក្បត់​មនសិកា​វិជ្ជាជីវៈ ដើម្បី​កេងចំណេញ​នយោបាយ​។​

៥៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ជម្រាបជូន​ដល់​សាធារណជន​ថា កងកម្លាំង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នឹង​បន្ត​ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ភាពម៉ឺងម៉ាត់ និង​សីលធម៌​វិជ្ជាជីវ​បន្តទៀត​។ ម្យ៉ាងវិញទៀត បើទោះបីជា​ក្នុង​ខែឧសភា​កន្លងទៅនេះ ស្ថានភាព​ចរាចរណ៍​មាន​ភាព​កាន់តែ​ល្អប្រសើរ​ក្ដី ប៉ុន្តែ ករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​មានតែ​តួលេខ​គួរឱ្យ​បារម្ភ ជាពិសេស​អត្រា​ខ្ពស់​នៃ​គ្រោះថ្នាក់ ចំពោះ​អ្នកជិះ​ម៉ូតូ និង​អត្រា​ខ្ពស់​នៃ​ការមិន​បាន​ពាក់មួក​សុវត្ថិភាព ពេល​មាន​គ្រោះថ្នាក់​នៅតែ​បន្ត​កើតមាន​។​

​ប្រការ​ទាំងនេះ ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប បន្ត​យក​ពង្រឹងស្មារតី​ប្រុងប្រយ័ត្ន​ក្នុងពេល​បើកបរ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ ដូច្នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅតែ​អំពាវនាវ​យ៉ាងទទូច​ដល់ សាធារណជន ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប បន្ត​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ បាន​ព្រមៗ​គ្នា ដោយ​ត្រូវបំពេញ​កាតព្វកិច្ច​ផ្សេងៗ ដែល​ច្បាប់​បានកំណត់ ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់ ដើម្បី​រួមចំណែក​លើកស្ទួយ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​យើង​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ស្នើ​ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត បន្ត​ការ​រឹតបន្តឹង និង​ការផ្សព្វផ្សាយ​អប់រំ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​៕

​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង