ពលរដ្ឋអូស្ត្រាលី មានបំណងធ្វើដំណើរ មកប្រទេសកម្ពុជា ត្រូវតែបង្ហាញនូវការត្រួតពិនិត្យសុខភាព និងបង្ហាញភស្តុតាង ធានារ៉ាប់រងសុខភាព តម្លៃ៥០.០០០ដុល្លារ ដែលរាប់បញ្ចូលទាំងការព្យាបាលកូវីដ-១៩
ភ្នំពេញ៖ ពលរដ្ឋអូស្ត្រាលី និងអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងប្រទេសអូស្ត្រាលី បច្ចុប្បន្នត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរទៅបរទេស ជាពិសេសជនបរទេស ក៏ដូចជាពលរដ្ឋអូស្ត្រាលីផងដែរ ដែលមានបំណងធ្វើដំណើរ មកប្រទេសកម្ពុជាត្រូវតែ បង្ហាញនូវការត្រួតពិនិត្យសុខភាព ពីប្រទេសដែលអ្នករស់នៅ ដែលចេញក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ដែលបង្ហាញពីលទ្ធផលអវិជ្ជមាននៃកូវីដ-១៩ និងបង្ហាញភស្តុតាង នៃគោលនយោបាយធានារ៉ាប់រងសុខភាព ដែលមានការធានារ៉ាប់រងយ៉ាងតិច ៥០.០០០ដុល្លារ ដែលរាប់បញ្ចូលទាំងការព្យាបាលកូវីដ-១៩។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា (Australian Embassy, Cambodia) កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានចេញប្រកាសព័ត៌មានថា ពលរដ្ឋអូស្ត្រាលី និងអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងប្រទេសអូស្ត្រាលី បច្ចុប្បន្នត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរទៅបរទេស។
ស្ថានទូតអូស្ត្រាលី បានបញ្ជាក់បន្ថែមថា “ពលរដ្ឋអូស្ត្រាលី មិនអាចចាកចេញពីអូស្ត្រាលីបានទេ លើកលែងតែពួកគេ ស្វែងរកការលើកលែងពីក្រសួងមហាផ្ទៃអូស្ត្រាលី។ ប្រសិនបើអ្នកសម្រេចចិត្តធ្វើដំណើរ មកប្រទេសកម្ពុជា ទោះបីមានការណែនាំពីយើង និងទទួលបានការយល់ព្រមចាំបាច់ពីក្រសួងមហាផ្ទៃក៏ដោយ អ្នកគួរតែដឹងថា រដ្ឋាភិបាលកម្ពុជា មានតម្រូវការថ្មីសម្រាប់ជនបរទេស ដែលកំពុងស្វែងរកចូលប្រទេសកម្ពុជា”។
ជនបរទេសដែលធ្វើដំណើរ មកប្រទេសកម្ពុជាត្រូវតែ៖
• បង្ហាញនូវការត្រួតពិនិត្យសុខភាព ពីប្រទេសដែលអ្នករស់នៅ ដែលចេញក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ដែលបង្ហាញពីលទ្ធផលអវិជ្ជមាននៃកូវីដ-១៩។
• បង្ហាញភស្តុតាង នៃគោលនយោបាយធានារ៉ាប់រងសុខភាព ដែលមានការធានារ៉ាប់រងយ៉ាងតិច ៥០.០០០ដុល្លារ ដែលរាប់បញ្ចូលទាំងការព្យាបាលកូវីដ-១៩។
• មានតេស្តកូវីដ-១៩បន្ថែមពេលមកដល់។ អ្នកអាចត្រូវបានគេដាក់នៅ កន្លែងរដ្ឋាភិបាលរហូតដល់ ២៤ម៉ោង រហូតដល់លទ្ធផលតេស្តត្រូវបានបញ្ជូនមកវិញ។ ទីកន្លែងទាំងនេះ គឺមានលក្ខណៈសាមញ្ញនិងជាកាតព្វកិច្ច។
o ប្រសិនបើអ្នកដំណើរណាម្នាក់ ធ្វើតេស្តវិជ្ជមានកូវីដ-១៩ អ្នកដំណើរទាំងអស់ នឹងត្រូវដាក់ឲ្យនៅដាច់ពីគេចំនួន ១៤ថ្ងៃ ដោយចំណាយផ្ទាល់ខ្លួន នៅក្នុងសណ្ឋាគារ ដែលរដ្ឋាភិបាលជ្រើសរើស។
• ប្រសិនបើអ្នកដំណើរទាំងអស់ ធ្វើតេស្តអវិជ្ជមាន អ្នកត្រូវតែនៅដាច់ឆ្ងាយ ដោយខ្លួនឯងរយៈពេល ១៤ថ្ងៃនៅផ្ទះ សណ្ឋាគារ ឬផ្ទះសំណាក់។ ការធ្វើតេស្ត កូវីដ-១៩ បន្ថែមនឹងត្រូវអនុវត្ត នៅចុងបញ្ចប់នៃរយៈពេល ១៤ ថ្ងៃនោះ។
ស្ថានទូតអូស្ត្រាលី បានលើកឡើងថា ច្បាប់ទាំងនេះ អាចផ្លាស់ប្តូរបាន។ យើងសូមណែនាំឱ្យអ្នកបញ្ជាក់អំពីនីតិវិធីអន្តោប្រវេសន៍ ជាមួយស្ថានទូតកម្ពុជា ដែលនៅជិតអ្នក មុនពេលធ្វើដំណើរ។ ស្ថានទូតអូស្ត្រាលី មិនអាចស្នើសុំការលើកលែងជំនួសអ្នកបានទេ។
សូមកត់សម្គាល់ថា កម្មវិធីផ្តល់ទិដ្ឋាការពេលមកដល់ និងកម្មវិធីផ្តល់ទិដ្ឋាការអេឡិចត្រូនិចត្រូវបានផ្អាក។ ប្រសិនបើអ្នកត្រូវការទិដ្ឋាការថ្មី អ្នកត្រូវទាក់ទងស្ថានទូតកម្ពុជាដែលនៅជិតអ្នកបំផុត។
អ្នកត្រូវដឹងថា សមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយកុងស៊ុល អាចមានកំណត់ដោយសារតែតម្រូវការខាងលើ៕