ចាប់ពីថ្ងៃទី៣-៩មិថុនា មានភ្លៀងបន្តធ្លាក់ពីខ្សោចទៅបង្គួរ ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០។
ក្រសួងជំនាញ ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។
២) បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
៣) បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ៕