ស្ពានស្ទឹងស្តៅដែល ឆាបឆេះដោយ សារភ្លើងឆេះព្រៃកាលពីរដូវប្រាំងកន្លងមក ការដ្ឋានស្ថាបនាបានសម្រេចប្រមាណ៩០%ហើយ គ្រោងបញ្ចប់នៅ១សប្តាហ៍ទៀត
ព្រះវិហារៈ ស្ពានស្ទឹងស្តៅ ស្ថិតក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលទទួលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃកាលពីរដូវប្រាំងកន្លងនេះ ការដ្ឋានស្ថាបនាសម្រេចបានប្រមាណ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ដើម្បីដាក់អោយប្រជាពលរដ្ឋបានឆ្លងកាត់ពីភូមិមួយទៅភូមិមួយពិសេស ចូលទៅក្នុងតំបន់អភិរ័ក្សសត្វព្រៃតំបន់ភ្នំពកភ្នំត្នោត។
នេះបើតាមការបញ្ជាក់របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ខណៈដែលលោកនិងលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ រួមជាមួយលោកអភិបាលស្រុកសង្គមថ្មី លោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលជាអ្នកកំពុងអភិរ័ក្សសត្វព្រៃតំបន់ភ្នំពក ភ្នំត្នោត និងមន្ត្រីមួយចំនួនទៀត ចុះពិនិត្យមើលវឌ្ឍនះភាពនៃការសាងសង់ស្ពានឆ្លងកាត់ស្ទឹងស្តៅ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។
លោក សំ លាងទ្រី ប្រធានមន្ទីបានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានកសាងឡើងវិញដោយដែកបេឡេ និងក្រាលឈើ មានបណ្តាយប្រវែង៤៨ម៉ែត្រ និងទទឹង៤.២ម៉ែត្រ ស្ថិតក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដោយមកដល់ពេលនេះការដ្ឋានស្ថាបនាសម្រេចបានប្រមាណ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ដើម្បីដាក់អោយប្រជាពលរដ្ឋបានឆ្លងកាត់។ ស្ពាននេះបម្រើផលប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ៣ភូមិគឺ ភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបោះក្នុងឃុំស្តៅហួសទៅតំបន់អភិរក្ស័សត្វព្រៃភ្នំត្នោតភ្នំពកផងដែរ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា ស្ពានដែកបេឡេថ្មីឆ្លងស្ទឹងស្តៅនេះ មានការជួយឧបត្ថម្ភដែកស្ពានបេឡេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ។
លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារបានអបអរសារទរ ចំពោះសមិទ្ធិផលថ្មីមួយនេះ ដែលនឹងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗនេះ។
លោកអភិបាលខេត្តស្តីទី បានអរគុណចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងកសាងស្ពាននេះឡើងវិញ ជំនួសឲ្យស្ពានឈើចាស់ទ្រុឌទ្រោមដែលបានឆេះកន្លងមក៕