បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរឹបអូសគ្រឿងញៀនជិត៤គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសគ្រឿងញៀនជិត ៣គីឡូក្រាម នៅ រាជធានីភ្នំពេញ និងមួយករណីទៀត សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ។
ករណីទី១ ៖ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចយោធាការពារ ព្រំដែនវៀតណាមខេត្តឡុងអាង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធ នៅចំណុចទល់មុខ ច្រកអន្តរជាតិ ប៊ិញហៀប- ព្រៃវល្លិ៍(ខេត្តស្វាយរៀង-ឡុងអាង) ។ លទ្ធផលឃាត់មនុស្ស១នាក់ ឈ្មោះ ត្រិន ទួនខាញ់ ភេទប្រុស ជនជាតិវៀតណាម ។ ដកហូត គ្រឿងញៀនប្រភេទ ទម្ងន់ ២០.៨គីឡូក្រាម និងអាវុធខ្លី ៣ដើម ។
ភាគីកម្ពុជាបន្ទាប់ពីបានទទួលព័ត៌មានពីភាគីវៀតណាមរួចមក នៅថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួល របស់លោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាជ្រាវ ស៊ើបអង្កេត បន្តនៅគោលដៅ ផ្ទះលេខ ៨០ ផ្លូវលេខ១០ បុរីប៉េងហួត ភូមិព្រែកលាប សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
ជនសង្ស័យទាំង២នាក់មានឈ្មោះ ឯក សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (អ្នកដឹកជញ្ជូនគ្រឿងញៀនទៅវៀតណាម) និងឈ្មោះ សួន គីមបូរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ(អ្នកជួញដូរ) ។ វត្ថុតាងចាប់យកមាន ៖ សារធាតុញៀនសរុបទម្ងន់ ២៤៦០.១៤ក្រាម រួមមាន ៖ 1) ហេរ៉ូអ៊ីន(Heroin) ទម្ងន់ ២១៣៥.៥៧ក្រាម, 2) មេតំហ្វេតាមីន(ICE) ទម្ងន់ ៤.៦៨ក្រាម, 3) អ៊ិចស្តាស៊ី (MDMA) ទម្ងន់១៥៦.៥២ក្រាម, 4) កេតាមីន(Ketamine) ទម្ងន់ ១០.៩១ក្រាម, 5) នីមេតាហ្ស៊េបាម ទម្ងន់២៧៥.១៨ក្រាម, 6) សារធាតុគីមីផ្សំផ្សេងទៀត ទម្ងន់ ២៨៧.២២ក្រាម, រថយន្ត ២គ្រឿង, ម៉ូតូ ៣គ្រឿង, អាវុធខ្លី ១ដើម និង អាវុធវែង ១ដើម ។
ករណីទី ២ ៖កាលពីថ្ងៃ ២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ សហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ស្រាជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅតៃវ៉ាន់ នៅ ០៣គោលដៅផ្សេងៗពីគ្នា ទី១.ស្ថិតនៅចំណុចក្នុងភូមិគង្គាផុស១ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២.នៅចំណុចមុខសណ្ឋាគារ កាំបូឌីយ៉ាណា វិថីព្រះស៊ីសុវត្ថ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង ទី៣. នៅបន្ទប់ជួល លេខ ១២២២ ជាន់ទី១២ នៃខូនដូ Diamond One ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ហាន រីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ EGOR SERGIENKO អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិ រុស្សី និង៣-ឈ្មោះ LU CHAO FENG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) អាយុ៤៤ឆ្នាំ ។
ក្នុងនោះដកហូតសារធាតុញៀនសរុបទម្ងន់ ១,៣៥៧.៨៥ក្រាម រួមមាន ៖ ហេរ៉ូអ៊ីន(Heroin) ទម្ងន់ ១២២៨.០៨ក្រាម មេតំហ្វេតាមីន(ICE) ទម្ងន់ ៥.៥០ក្រាម, ទូរស័ព្ទដៃ ៤ គ្រឿង, រថយន្ត ២គ្រឿង ម៉ូតូ ១គ្រឿង, ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារៈវេចខ្ចប់ មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញតាមនីតិវិធី ៕