ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស បញ្ជាក់​ពី​ករណី​ការបោះ​តង់​របស់​វៀតណាម​នៅ​តំបន់​ព្រំដែន ក្នុង​ខេត្តកណ្តាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (​វៀតណាម​)

71

 

​ភ្នំពេញ​៖ ក្រសួងការបរទេស នៅ​ល្ងាច​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការបោះ​តង់​របស់​វៀតណាម​នៅ​តំបន់​ព្រំដែន ក្នុង​ខេត្តកណ្តាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (​វៀតណាម​)​។ ការចេញ​សេចក្តីប្រកាស​នេះ​នេះ បន្ទាប់ពី​ភាគី​វៀតណាម​ក៏បាន​បោះតង់​យោធា​ចំនួន ៣១​កន្លែង នៅជាប់​ព្រំដែន​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នៅ​ចំណុច​នេះ​ភាគី​ទាំងពីរ មិនទាន់មាន​ការឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ក្នុងន័យ​សម្រាប់​វិធានការ​រឹតបន្តឹង​ការឆ្លង​ដែន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា មក​ប្រាប់​អំពី​រឿង​យោធា​វៀតណាម បោះតង់ នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា នា​ព្រំដែន​ខេត្តកណ្តាល​។ កម្ពុជា​ក៏បាន​ស្នើ​តាមរយៈ​អគ្គរដ្ឋទូត​វៀតណាម ឲ្យ​រុះរើ​តង់​យោធា​ទាំងនោះ​ឲ្យ​បាន​ឆាប់​ជាទីបំផុត​។

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ការកោះអញ្ជើញ​អគ្គរដ្ឋទូត​វៀតណាម​មកជួប​នេះ បានធ្វើ​ឡើង​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូតដល់​គណៈកម្មកា​រ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ករណីនេះ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន ៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា​ក្នុង​ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ នៅក្នុង​តំបន់​នេះ ស្របតាម​សេចក្តីប្រកាស រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង ពាក់ព័ន្ធ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​។​

​រហូតដល់​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស​វៀ​ត​ណា​ម បានធ្វើ​កំណត់​ទូត​ឆ្លើយតប​នឹង​កំណត់​ទូត​កម្ពុជា ដោយ​អះអាងថា ការបោះ​តង់​នៅតាម​ព្រំដែន​ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​ការ​បោះតង់​ទាំងនោះ​មិនមាន​ផល ប៉ះពាល់ ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះ​ទេ​។ អាជ្ញាធរ​វៀតណាម​បាន​សន្យាថា នឹងធ្វើ​ការរុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះអាសន្ន​ទាំងអស់ ចេញពី​តំបន់​នោះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​ដឹកនាំ​លោក​ស្នងការរង​, មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥, លោក​អធិការ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​ដំបូក​ចែវ​ជាច្រើនរូប បាន​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ដោយ​ថ្មើរជើង​ពី​គោលដៅ​បាក់​ដាយ និង​គោលដៅ​ចំការចេក ដែលជា​ចំណុះឱ្យ​ប៉ុស្ដិ៍​ដំបូក​ចែវ មាន​ប្រវែង ៤៧០០​ម៉ែត្រ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យនៅ​ក្នុង​តំបន់ស មិនមាន​ការរំលោភ​សាងសង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ ពី​ភាគី​ខាង​វៀតណាម​ចូលក្នុង​ទឹកដី​ខ្មែរ​បានឡើយ​។​

​នៅពេល​ដំណើរ​ពិនិត្យ​នោះ លោកស្នងការ បានឱ្យ​ភាគី​ខាង​វៀតណាម រុះរើ​តង់​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន្ទាត់​ស ក្រោយពី​ពិនិត្យ​ជាក់ស្ដែង​ឃើញថា ខាង​ភាគី​វៀតណាម បាន​សាងសង់​តង់​ចំនួន ៩​កន្លែង និង​ចង​ជា​អង្រឹង​ចូលក្នុង​តំបន់​ទាំងនេះ​។​

​បន្ទាប់ពី​ដើរ​ពិនិត្យ​រួចមក លោកស្នងការ ក៏បាន​ជម្រុញ​ឱ្យ​លោក​មេបញ្ជាការ​លេខ​៦០៥ បញ្ជា​កម្លាំង​ប៉ុស្ដិ៍​តាម​បន្ទាត់​ព្រំដែន​ដើរល្បាត​ជាប្រចាំ តាម​បន្ទាត់​ព្រំដែន​ជា​តំបន់ស ធ្វើយ៉ាងណា​រក្សា​សន្ដិសុខ និង​ពិនិត្យមើល​ការបោះ​តង់ ក៏ដូចជា​យក​គោក្របី​មក​ចង​នៅ​តំបន់ស​នោះ​៕

អត្ថបទដែលជាប់ទាក់ទង