ក្រុមចោរវ៉ៃប្លន់យកកាបូបលុយពីស្ត្រីម្នាក់ បានសម្រេចរត់គេចខ្លួនបាត់ដោយមិនរំខានដំណេកលោកអធិការប៉ូលិសខណ្ឌច្បារអំពៅទើបឡើងថ្មី
ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍មួយរយះនេះគឺក្រុមសង្គមងងិតពោលគឺក្រុមចោរមួយក្រុមបានធ្វើសកម្មភាពវាយប្លន់ស្ត្រីអ្នកលក់បន្លែម្នាក់បានសម្រេចយកលុយអស់មួយលានបីសែនរៀល (១.៣០០.០០០រៀល) រួចនាំគ្នាឡើងជិះម៉ូតូរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុដោយមិនរំខានដំណេកបងអធិការប៉ូលិសខណ្ឌច្បារអំពៅដែលទើបឡើងថ្មីនោះទេ។
ករណីនេះគឺបានកើតឡើងកាលពីម៉ោងទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នេះនៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមសមត្ថកិច្ចបាននិយាយថានានមុនពេលកើតហេតុគឺស្ត្រីរងគ្រោះឈ្មោះ ហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1DD-3264។ ចំណែកឯម៉ូតូក្រុមជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាកលេខ បាត់ដំបង1A-4678 ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងទៀតថា មុនកើតហេតុរូបគាត់បានបើកម៉ូតូចេញពីផ្ទះគាត់ដោយក្នុងគោលបំណងឆ្ពោះទៅទិញបន្លែនៅផ្សារច្បារអំពៅយកមកលក់ ដូចសព្វដងដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល(១.៣០០.០០០៛) និងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុង ដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ខណៈពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានមនុស្សប្រុសពីរនាក់ជិះម៉ូតូមកជិតគាត់រួចយកមួកសុវត្ថិភាពវាយមកលើគាត់។
ស្ត្រីរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះរូបគាត់បានស្រែកថាចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញយកកាបូប របស់គាត់ដែលដាក់ទាក់នឹងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ ហើយជនសង្ស័យវាយគាត់នឹងមួកសុវត្ថិភាពបន្ថែមទៀត ខណៈនោះក៏មានប្រជាពលរដ្ឋចេញមកមើលច្រើន។ ដោយឃើញសភាពការណ៍មិនស្រួលពួកជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខពួករបស់គេ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ។
បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូជនសង្ស័យ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនិរោធ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យតែប៉ុណ្ណោះ។រីឯក្រុមចោរប្លន់នៅតែមានវាសនាខ្ពស់គេចខ្លួនដោយសុវត្ថិភាពពោលគឺមិនរំខានដំណេកលោកអធិការប៉ូលិសខណ្ឌច្បារអំពៅទើបឡើងថ្មីៗនេះទេ៕