ក្នុងនាមនគរបាលជាតិ ត្រូវតែស្មោះត្រង់បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ លើកឡើងថា ក្នុងនាមនគរបាលជាតិ និយាយជារួម និយាយដោយឡែកនគរបាលអង្គរក្ស ទោះក្នុងតម្លៃណាក៏ដោយដាច់ខាតត្រូវតែស្មោះត្រង់បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ក្របខ័ណ្ឌថ្មី នៃនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាន-អនុប្រធាននាយកដ្ឋានអង្គរក្ស និងមន្ត្រីនគរបាលក្របខ័ណ្ឌថ្មីចំនួន ៣៨៤នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ សង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងនគរបាលអង្គរក្ស ចាំបាច់ត្រូវតែមានមូលដ្ឋានច្បាស់លាស់ មានចិត្តស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ដែលទាំងនេះជាចំណុចចម្បង និងសំខាន់បំផុតដែលត្រូវតែមានការតាំងចិត្តខ្ពស់។
ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា បើនគរបាលអង្គរក្សគ្មានចិត្តស្មោះត្រង់មានន័យថាយើងមិនអាចធ្វើជាកងកម្លាំងអង្គរក្សបានទេ ព្រោះថាសុខទុក្ខ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ គឺពឹងផ្អែកទាំងស្រុងមកលើពួកយើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា ការរៀបចំពិធីនៅពេលនេះ គឺជាការផ្តល់កម្លាំងចិត្តមួយយ៉ាងសំខាន់ដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មី ដើម្បីចូលរួមចំណែកការពារព្រះរាជសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសំណូមពរឲ្យមន្ត្រីដែលជាកងកម្លាំងនគរបាលអង្គរក្ស ត្រូវតែរួបរួមសាមគ្គីផ្ទៃក្នុង ចេះយោគយល់ និងជួយគ្នាទៅវិញទៅមក ត្រូវហាត់ពត់លុតដំកាយសម្បទា សុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណាជៀសផុតពីជម្ងឺផ្សេងៗ ជាពិសេសត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវិដ១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បាននាំយកថវិកាជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូននាយកដ្ឋានអង្គរក្ស ចំនួន ១០លានរៀល និងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន ៣៨៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ។
បើតាមរបាយការណ៍របស់ការិយាល័យបុគ្គលិក បានឲ្យដឹងថា មន្ត្រីនគរបាលជាតិក្របខណ្ឌថ្មី នៃនាយកដ្ឋានអង្គរក្ស ដែលត្រូវប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ នៅព្រឹកនេះមានចំនួន ៣៨៤នាក់ ក្នុងនោះ ថ្នាក់អនុសេនីត្រី ចំនួន ៤៥នាក់, ថ្នាក់ព្រិន្ទបាលទោ ចំនួន ៣២២នាក់ និងថ្នាក់ពលបាលត្រី ចំនួន ១៧នាក់៕