ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្មមួយចំនួនក្រៅពីអង្ករ និងស្រូវ គឺមានការកើនឡើងខ្ពស់
ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការរីករាលដាលសកល នៃមេរោគកូវីដ-១៩ ក្នុងរយៈពេល ៥ខែដើម ឆ្នាំ២០២០ នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មមួយ ចំនួន ក្រៅពីអង្ករ និងស្រូវគឺមានការកើន ឡើងខ្ពស់ ក្នុងនោះចំណិតដំឡូងមីក្រៀម នាំចេញបាន៩៩៦,២៩០ តោន កើនឡើងប្រមាណ៨៨,២៩០តោនស្មើ នឹង៩,៧២ភាគ រយ ដែលធៀប ទៅនឹងរយៈ៥ខែដើម ឆ្នាំ២០១៩មានចំនួនតែ៩០៨,០០០តោន ប៉ុណ្ណោះ។
នេះបើយោងតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទតាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
លោកវេង សាខុន បានបញ្ជាក់ថា៖ យោងតាម លទ្ធផលនៃការនាំចេញ ផលិត ផលកសិកម្មមួយចំនួន ក្រៅពីអង្ករ និងស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាម អនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរយៈ ពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាននូវផលិតផល មួយចំនួន ដូចជា ម្សៅដំឡូង មីនាំចេញបាន១០,២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង ៩៧,៣០ ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើម ឆ្នាំ២០១៩ មានចំនួន៣៨១,៧០០តោន។
គ្រាប់ស្វាយចន្ទីនាំចេញបាន១៩០,១៤១ តោន កើនឡើងប្រមាណ៣៨,៥៨១ តោនកើនឡើង ២៥,៤៦ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែដើម ឆ្នាំ២០១៩ មានចំនួនតែ១៥១,៥៥០តោនប៉ុណ្ណោះ។ ចំពោះគ្រាប់ពោតនាំចេញបាន៣៥,៦៣៦តោន ថយចុះប្រមាណ១៥ ០៤៣តោន ស្មើនឹង ២៩,៦៨ ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន៥០,៦៧៩តោន។
លោកវេង សាខុន បានបញ្ជាក់ថា៖ សម្រាប់ផ្លែចេក ស្រស់នាំចេញបាន១២១,៤១៥តោនកើនឡើង ប្រមាណ៧៦,៨៩៧ តោនស្មើនឹង ១៧២,៧៣ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ៤៤,៥១៨ តោនប៉ុណ្ណោះ។ ជាមួយគ្នានេះផ្លែស្វាយ ស្រស់នាំចេញបាន៤៤,០៩៩តោន កើនឡើងប្រមាណ១៤,៨៨៥តោន ស្មើនឹង ៥០,៩៥ភាគ រយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩មានចំនួនតែ២៩, ២១៤តោនប៉ុណ្ណោះ។ ដោយឡែកសម្រាប់ផលិតផល ម្រេចនាំចេញបាន២,៥២៧ តោនកើន ឡើងប្រមាណ ៤៦៦តោន ស្មើនឹង ២២,៦១ ភាគរយ ដែលធៀបទៅ នឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២០,០៦១ តោនប៉ុណ្ណោះ ៕ សំរិត