ដំរីញីកំពុងផើមមួយក្បាលងាប់ឈរ ក្នុងទន្លេគួរឲ្យសង្វែក ដោយសាររបួសពេញក្នុងមាត់ ក្រោយស៊ីម្នាស់មានបង្កប់គ្រឿងផ្ទុះរបស់អ្នកភូមិឥណ្ឌា
ប្រទេសឥណ្ឌា៖ ដំរីព្រៃកំពុងផើមមួយក្បាលបានងាប់ឈរនៅក្នុងទឹកទន្លេគួរឲ្យសង្វែក ខណៈដែលវាព្យាយាមត្រាំមាត់ក្នុងទឹកដើម្បីបន្ថយការឈឺចាប់ ក្រោយពេលវាស៊ីផ្លែម្នាស់ដែលមានបង្កប់ផាវនៅក្នុងនោះ។
ដំរីកម្សត់នោះ ងាប់កាលពីថ្ងៃទី ២៧ ខែឧសភា ក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ហើយត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម ព្រោងព្រាតដោយបង្ហាញក្តីអាណិតអាសូរចំពោះវា។
វាងាប់ដោយសារតែការជឿទុកចិត្តលើអ្នកភូមិឥណ្ឌា ដែលពួកគេបានដាក់ម្នាស់បង្កប់គ្រឿងផ្ទុះឲ្យវាស៊ី ហើយគ្រឿងផ្ទុះដ៏ខ្លាំងក្លា បានផ្ទុះក្នុងមាត់របស់វា។
ការរៀបរាប់សាច់រឿងរបស់វា ក្នុងបណ្តាញសង្គម។
ដំរីនោះបានចេញពីព្រៃ និងបានដើរវង្វេងចូលក្នុងភូមិ ដើម្បីស្វែងរកអាហារ។ ខណៈដែលវាកំពុងដើរលើផ្លូវ មានអ្នកភូមិក្នុងតំបន់នោះ បានផ្លល់ម្នាស់ញាត់ផាវឲ្យវាស៊ី។
លោក Mohan Krishnan មន្ត្រីអភិរក្សព្រៃក្នុងស្រុក Malappuram បាននិយាយថា “វាជឿទុកចិត្តអ្នកភូមិ។ នៅពេលម្នាស់ដែលវាស៊ីបានផ្ទុះក្នុងមាត់ វាប្រហែលជាមានអារម្មណ៍ភ័យខ្លាំង ដោយមិនគិតពីខ្លួនវាឡើយ ប៉ុន្តែគិតពីកូនក្នុងផ្ទៃរបស់វា ដែលនឹងកើតក្នុងរយៈពេលពី ១៨ ទៅ ២០ខែ”។
គ្រឿងផ្ទុះបានធ្វើឲ្យអណ្តាត និងមាត់របស់វាមានរបួសយ៉ាងធ្ងន់។ វាបានដើរជុំវិញភូមិទាំងក្តីឈឺចាប់ និងស្រេកឃ្លាន ហើយវាមិនអាចស៊ីអ្វីបានទៀតឡើយ ដោយសាររបួសក្នុងមាត់។
ទោះជាយ៉ាងណា វាមិនបានធ្វើឲ្យនរណាម្នាក់ មានរបួសឡើយនៅក្នុងភូមិ។
មន្ត្រីដដែលសរសេរក្នុង Facebook ថា “វាមិនបានធ្វើឲ្យមនុស្សណាម្នាក់ រងការគំរាមកំហែងឡើយ នៅពេលវាកំពុងរត់តាមដងផ្លូវ ក្នុងភូមិដោយក្តីឈឺចាប់។ វាមិនបានបំផ្លាញផ្លូវណាមួយឡើយ”។
ក្រោយរត់ជុំវិញភូមិទាំងក្តីឈឺចាប់ វាក៏បានដើរចូលទៅក្នុងទន្លេ និងបានឈរនៅទីនោះ ដែលទំនងវាប្រើទឹកត្រាំមាត់ ដើម្បិបន្ថយការឈឺចាប់។
មន្ត្រីអភិរក្សនិយាយថា ដំរីនោះប្រហែលជាត្រាំទឹកបែបនោះ ដើម្បីកុំឲ្យរុយ ឬសត្វល្អិតផ្សេងៗមករោមរបួសរបស់វា។
មន្ត្រីព្រៃឈើព្យាយាមយកដំរីផ្សេងៗមកជួយវា ប៉ុន្តែជាអកុសល វាបានងាប់នៅម៉ោង ៤ល្ងាច ថ្ងៃទី ២៧ ខែឧសភា៕