ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ទាក់ទង​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​

75

 

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​រដ្ឋសភា​។​

​សម័យប្រជុំ​រដ្ឋសភា បាន​ពិភាក្សា​និង​អនុម័ត​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាង​ចំនួន​ពីរ ក្នុងចំណោម​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល បាន​លើក​ក្នុង​របៀបវារៈ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នឹង​ក្លាយជា​គតិយុត្ត​ថ្មី បន្ថែម​លើ​ចំណុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ស្របទៅតាម​ស្តង់ដារ នៃ​សមាជិក​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តី​ការសម្អាត​ប្រាក់ ដែល​កម្ពុជា បាន​ក្លាយជា​សមាជិក​កាលពី​ឆ្នាំ​២០០៤​។​

​នៅ​ថ្ងៃទី​៥ ខែមិថុនា ស្អែក​រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​ទៀត ដោយ​ធ្វើការ​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ ៕

 

អត្ថបទដែលជាប់ទាក់ទង