កោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះSocheata Pen មកអប់រំដុះក្អែលចេញម្តង រឿងជេរដៀលនគរបាល
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះSocheata Pen ដែលមានឈ្មោះពិតថា ប៉ែន សុជាតា ភេទស្រី អាយុ៣៥ឆ្នាំ បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នោះ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាគឺដើម្បីការពារជីវិតរបស់យើងជីវិត គ្រួសារយើង និងជីវិតអ្នកដទៃ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើ ប្រាស់បណ្តាញសង្គមបានជ្រាបបន្ថែមថានៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះSocheata Pen បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារ បង្ហោះដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នោះហើយ។
នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមានឈ្មោះពិតថា ប៉ែន សុជាតា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាមានចេតនាសរសេរខ្លឹមសារ ម្រមាថ មាក់ងាយចំពោះមន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវប្រាកដមែន ព្រោះតែរូបគាត់ (ខឹង) ចំពោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការផាកពិន័យគាត់ ដោយសាររូបគាត់បាន (ប្រើប្រាស់ទូរស័ព្ទដៃ ដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនង) ក្នុងពេលកំពុងបញ្ជាយានកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែគាត់ពុំទាន់បានបង់ប្រាក់ពិន័យនៅឡើយទេ។
ជាមួយនឹងការទទួលស្គាល់កំហុសនេះ សាមីខ្លួនបានធ្វើលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ចំពោះកងកម្លាំងនគរបាលជាតិទូទៅ ពិសេសនគរបាលចរាចរណ៍ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅដែលគាត់បានប្រើប្រាស់ពាក្យសំដីមិនសមរម្យជាមួយនៅក្នុងរឿងនេះ។
ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលើករណីនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងពិនិត្យ ពិចារណាសម្រេចនៅពេលបន្ទាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការជាមួយសមត្ថកិច្ចនគរបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ ខ្ជួនទាំងអស់គ្នា ដោយសេចក្តីគោរពបំផុត។
ពាក់ព័ន្ធការលេីកឡេីងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen៖ស្តុបពីរធ្នូមានបិសាចហុតឈាម។កាលពីថ្ងៃទី 3 ខែមិថុនាឆ្នាំ 2020 ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មាន កិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០នេះបានកត់សម្គាលឃើញ មានគណនីហ្វេសប៊ុកមួយឈ្មោះ Socheata Pen បានផុស Poste រូបភាពមួយ ដែលរូបភាពនេះទំនងជាថតចេញពីក្នុងរថយន្តមួយគ្រឿង ហើយនៅពីខាងមុខរថយន្តមាន(រូបភាពមន្ត្រីនគរបាលក្នុងឯកសណ្ឋាននគរបាលចរាចរណ៍) កំពុងបំពេញភារកិច្ចនៅចំណុចភ្លើងស្តុប(ពីរធ្នូ) ផ្លូវលេខ៣ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅពីខាងលើរូបភាពដែលផុស Poste នេះ ម្ចាស់គណនី បានសរសរអក្សរជាភាសាខ្មែរថា ( ស្តុបពីរធ្នូមានបិសាចហុតឈាម)? តាមរយៈការបង្ហោះរូបភាព និងសរសេរខ្លឹមសារបែប នេះនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានស៊ែរ Share ចែកចាយបន្តនិង ខូមិន Commente ដោយពាក្យសំដីអសុរស និងមានចេតនាចោទប្រកាន់ តេះដៀលសំដៅទៅរកមន្ត្រីនគរបាលចរាចរណ៍ដែលកំពុងឈរបំពេញភារកិច្ចក្នុងឯកសណ្ឋាននៅចំណុចគោលដៅនោះព្រោះតែ ខ្លឹមសារសរសេរ របស់គាត់ភ្ជាប់ពីខាងលើ ។
នៅចំពោះបញ្ហាបែបនេះ និងដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពី ចេតនានិងគោលបំណងដោយពិតប្រាកដក្នុងការសរសេររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្តើមធ្វើការស្រាវជ្រាវលើបញ្ហានេះ និងឈានទៅធ្វើការកោះអញ្ជើញម្ចាស់គណនីហ្វេសប៊ុកខាងលើ មកធ្វើការសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីបញ្ជាក់លើបញ្ហានេះ ទន្នឺមនេះដែរ ម្ចាស់គណនីខាងលើក៏អាចចូលខ្លួនមកបំភ្លឺនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ។
ជាមួយនេះក៏សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាចូលរួម សហការណ៍ផ្តល់ព័ត៌មានអំពីអត្តសញ្ញាណពិតប្រាដករបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីយើងខ្ញុំបានចាត់វិធានការបានទាន់ពេលវេលា ។ ម្យ៉ាងទៀតក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបចំពោះបញ្ហានេះ និងសូមកុំឱ្យមានការភាន់ច្រឡំ ។
យើងខ្ញុំសូមគោរពជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០រហូតមក មន្ត្រីនគរបាលចរាចរណ៍បានអនុវត្ត ដោយត្រឹមត្រូវស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនក្រោមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រីឯការពង្រឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះមានបំណងតែមួយគាត់គឺសំដៅការពារឱ្យបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ ការពារនូវអាយុជីវិត បងប្អូនដែលប្រើប្រាស់ផ្លូវ ប្រើប្រាស់យានយន្តទាំងអស់ មិនមែនមានហេតុផលដូចការលើកឡើងពីមជ្ឈដ្ឋានអគតិណានោះឡើយ សូមបងប្អូនចូលរួមគោរពច្បាប់ដោយត្រឹមត្រូវទៅនោះ មិនមានទទួលរងនូវការផាកពិន័យអ្វីទាំងអស់ពីមន្ត្រីនគរបាលចរាចរណ៍ ។
ការលើកឡើងក្នុងចេតនាបែបណាមួយឬក្នុងចេតនាដូចការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើចំពោះមន្ត្រីនគរបាលចរាចរណ៍ យើងខ្ញុំពុំអាចទទួលយកបានឡើយ ដោយសេចក្តីគោរពបំផុត៕