គួរអោយអាណិតអាសូរណាស់! ក្មេងប្រុសអាយុ១ឆ្នាំដេក រអិលរមៀលធ្លាក់ ចូលទឹកស្អុយប្រឡាយបឹងត្របែកស្លាប់
ភ្នំពេញ៖ក្មេងប្រុសអាយុទើបបាន១ខួបឬ១ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយដេករអិលរមៀលធ្លាក់ចូលប្រឡាយទឹកស្អុយទឹកត្របែកកាលពីម៉ោងទាបភ្លឺនាថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០នេះស្ថិតនៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។
សពកុមារាឈ្មោះរិន ធារឹទ្ធអាយុ១ឆ្នាំនៅជាមួយឳពុកឈ្មោះរិន ពិសិដ្ឋអាយុ៤១ឆ្នាំហើយក្រុមគ្រួសារគាត់មានកូនប្រុស ស្រីដល់ទៅ៦នាក់ឯណោះហើយក្មេងប្រុសដែលស្លាប់នោះគឺកូនទី៦នៅផ្ទះកើតហេតុខាងលើនោះ។
បើតាមសំដីក្រុមគ្រួសារក្មេងប្រុសរងគ្រោះខាងលើនោះគាត់និយាយរៀបរាប់ថានៅពេលបាត់កូនរបស់គាត់មិនឃើញដេកនៅក្នុងផ្ទះដូចសព្វដងនោះក៏នាំគ្នារកមើលកូនស្រាប់តែប្រទះឃើញកូនរបស់ពួកគាត់ដេកធ្លាក់ចូលទឹកស្អុយប្រឡាយបឹងត្របែកតាំងពីពេលណានោះទេហើយនាំគ្នាចុះទៅស្រង់ឡើងគោកពិនិត្យមើលគឺកូនពួកគាត់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយទទួលបានពត៌មាននេះភ្លាមនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអញ្ជេីញចូលរួមរំលែកទុក្ខ សពកុមារា រិន ធារិទ្ធ អាយុ ១ឆ្នាំ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៣:៤០នាទីទាបភ្លឺ
មូលហេុតដោយសារ លង់ទឹកប្រឡាយ ដែលបច្ចប្បន្នសាកសពដំកល់ធ្វេីបុណ្យនៅផ្ទះនៅតាមបណ្ដោយមាត់ប្រឡាយបឹងត្របែក ច្រកផ្លូវលេខ ១០១ ក្រុម ៣១ ភូមិ ៥ សង្កាត់ផ្សារដេីមដ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជាមួយគ្នានេះផងដែរ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បាននាំយកអំណោយជូដល់គ្រសារសពរបស់កុមារខាងលេីនោះផងដែរ រួមមាន៖អង្ករ ១ប៉ាវ ទម្ងន់ ២៥គីឡូក្រាម,មី ១កេស,ស្ករស ១កញ្ចប់ ទម្ងន់ ០១គីឡូក្រាម,ទឹកត្រី ២ដប,ទឹកស៊ីអ៉ីវ ២ដប,ត្រីខ ២កំប៉ុង,ថវិកាចំនួន ៣៤០,០០០រៀលផងដែរ។
ជាមួយគ្នានេះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនគ្រប់រូបដែលរស់នៅស្របដងប្រឡាយទឹកស្អុយបឹងត្របែកទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការរស់នៅនិងការទទួលទានចៀសវាងជួបបញ្ហាដូចករណីខាងលើនោះពោលគឺក្មេងទើបមានអាយុ១ខួបដេករអិលរមៀលធ្លាក់ចូលទឹកប្រឡាយស្លាប់គួរអោយអាណិតអាសូរ។ហើយជានិច្ចកាលនាពេលកន្លងមកក៏ដូចសព្វថ្ងៃនេះដែរអាជ្ញាធរខណ្ឌចំការមនតែងតែចុះទៅធ្វើការណែនាំដល់បងប្អូនប្រជាជនដែលរស់នៅស្របដងប្រឡាយទឹកស្អុយបឹងត្របែកនេះសូមអោយមានការប្រុងប្រយ័ត្នពីសុវត្ថិភាពក្នុងការរស់នៅពិសេសកុមារតូចៗនិងចាស់ជរាផងដែរ៕