ដាក់បទបញ្ជាដល់នគរបាល ឲ្យពង្រឹងសន្តិសុខ ធានាមិនឲ្យមានអំពើភេរវកម្ម និងទប់ស្កាត់ ឥទ្ធិពលការវាយប្រហារ របស់ជនអគតិ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជំរុញឲ្យយកចិត្តទុកដាក់ពង្រឹងសភាពការណ៍សំដៅធានាសុវត្ថិភាព សន្តិសុខ ធានាមិនឲ្យមានអំពើភេរវកម្ម និងទប់ស្កាត់ឲ្យបាននៅឥទ្ធិពលការវាយប្រហាររបស់ជនអគតិដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល ហើយនាយឧត្តមសេនីយ៍ ក៏បានដាក់បទបញ្ជាឲ្យគ្រប់ផែនជំនាញ របស់អគ្គស្នងការដ្ឋានគរបាលជាតិ ត្រូវខិតខំពង្រឹងជំនាញបន្ថែមទៀត ពិសេសត្រូវពង្រឹងទាំងធនធានមនុស្ស និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការជំនាញបន្ថែមទៀត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនជាតិ និងប្រជាជន។
អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ ឧសភា ឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តបន្ត សម្រាប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
អញ្ចើញចូលរួមក្នុងពិធីនេះ រួមមានឯកឧត្តម-លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ។
បន្ទាប់ពីការអានរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តរបស់ផែនជំនាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ទាំងអស់នៅទូទាំងប្រទេសចំពោះការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ និងសូមបន្តពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយឯក ជូនឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធា្នប់សាធារណៈផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវចូលរួមគោរពវិធានអនាម័យរបស់ក្រសួងសុខាភិបាលគ្រប់ទីកន្លែង ពេលវេលាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍លើកឡើងដោយសង្កត់ធ្ងន់ចំណុចសំខាន់ៗចំនួន៥ធំៗ៖
ទីI-គឺបញ្ហាស្ថានភាពសន្តិសុខក្នុងប្រទេស ដោយផ្អែកទៅលើឥទ្ធិពលស្ថានការពិភពលោក ផ្អែកទៅលើឥទ្ធិពលការរាតត្បាតនៃជំងឺកូវីដ១៩ និងផ្អែកលើស្ថានការជាក់ស្តែងនៅក្នុងប្រទេស ឯកឧត្តម បានជំរុញឲ្យយកចិត្តទុកដាក់ពង្រឹងសភាពការណ៍សំដៅធានាសុវត្ថិភាព សន្តិសុខ ធានាមិនឲ្យមានអំពើភេរវកម្ម និងទប់ស្កាត់ឲ្យបាននៅឥទ្ធិពលការវាយប្រហាររបស់ជនអគតិដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
ទីII-ការប្រយុទ្ធប្រឆាំងបទល្មើស ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មានចំណុចសំខាន់ៗចំនួន៤៖
ទី១-ត្រូវខិតខំជម្រះឲ្យអស់ករណីដែលមិនទាន់ស្រាវជ្រាវរកឃើញ និងជំរុញគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនិងបទល្មើស មុខសញ្ញា និងដីកាធ្វើយ៉ាងណាឲ្យនៅក្នុងទិន្នន័យបច្ចេកវិទ្យាទាំងអស់។
ទី២-ខិតខំធ្វើបច្ចុប្បន្នភាពគ្រប់ផែនការទាំង៦ ដែលបានដាក់ចេញកន្លងមកសម្រាប់ការកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ជាដើម។
ទី៣-លើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ ដែលពេលបច្ចុប្បន្នក្រសួងយុត្តិធម៌ កំពុងបើកយុទ្ធនាការដោះស្រាយសំនុំរឿងដែលនៅកកស្ទះ ដូច្នេះត្រូវតែខំប្រឹងពង្រឹងសមត្ថភាពមន្ត្រីរបស់យើង ដើម្បីមានសមត្ថភាពក្នុងការកសាងសំណុំរឿងជៀសវាងមានការថ្លោះធ្លោយ។
ទី៤-លើកកម្ពស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដែលការងារចំពោះមុខត្រូវបើកវគ្គបណ្តុះបណ្តាលនៅហ្នឹងកន្លែង និងខិតខំលើកសមត្ថភាពគ្រូបង្គោល និងរៀបចំធ្វើប័ណ្ណសារតាមបែបបច្ចេកវិទ្យា ពាក់ព័ន្ធការគ្រប់គ្រងជនល្មើស និងពិរុទ្ធជន។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ឯកឧត្តមអគ្គស្នងការ បានសង្កត់ធ្ងន់លើបញ្ហាចំនួន៥៖
ទី១-មន្ទីរប្រឆាំងគ្រឿងញៀនត្រូវរៀបចំផែនការជួយដល់ស្នងការរាជធានី-ខេត្ត ដោយខិតខំដាក់ចេញនូវវិធានការទប់ស្កាត់សកម្មភាព ហូរចូលគ្រឿងញៀនពីខាងក្រៅ។
ទី២-បញ្ហាថ្មីតាមច្រកចេញចូលដែលយើងធ្លាប់បានបង្ក្រាបតាមផ្លូវគោក ជាពិសេសភាគខាងជើងប្រទេស តាមផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍ ជាពិសេសថ្មីៗនេះ យើងបានរកឃើញករណីមួយចំនួន ដែលបង្ហាញថាមានសញ្ញាណនៃការចរាចរណ៍តាមផ្លូវទឹក។
ទី៣-ខិតខំទប់ស្កាត់ឲ្យបានការលួចកែរច្នៃគ្រឿងញៀន ជាក់ស្តែងដូចយើងដឹងហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀនទេ ប៉ុន្តែកម្ពុជាជាប្រទេសដែលទទួលរងគ្រោះ ដូចជាប្រទេសដទៃទៀតដែរ ដូច្នេះត្រូវខិតខំរក្សាឲ្យបានថាប្រទេសយើងមិនមែនជាប្រទេសដែលផលិតគ្រឿងញៀន។ បន្តការទប់ស្កាត់ការចរាចរគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខិតខំធ្វើការបោសសម្អាតឲ្យបានដាច់ខាតមិនឲ្យមានការប្រើប្រាស់ ឬក៏ចែកចាយគ្រឿងញៀននៅតាមក្លឹបកម្សាន្តសប្បាយនោះទេ។
ទី៤-បន្តទប់ស្កាត់ការរីករាលដាលការជួញដូរគ្រឿងញៀននៅតាមសហគមន៍ បើទោះបីជាមានការលំបាកបន្តិចចំពោះសមត្ថកិច្ច តែត្រូវតែខិតខំស្តារនូវស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។
ទី៥-ពាក់ព័ន្ធនិងអ្នកប្រើប្រាស់ បើតាមផ្លូវច្បាប់បានចាត់ទុកថាគាត់ជាជនរងគ្រោះ ហើយប្រសិនបើគាត់ស្ម័គ្រចិត្តទទួលយកការព្យាបាល សមត្ថកិច្ចមិនធ្វើការចាប់បញ្ជូនទៅតុលាការទេ។
ពាក់ព័ន្ធនិងបទល្មើសប្រឆាំងការជួញដូរមនុស្ស ឯកឧត្តមអគ្គស្នងការ បានជំរុញឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស និងវិស័យឯកជន ខិតខំពិនិត្យឡើងវិញនៅសំណុំរឿងចាស់ដែលនៅសេសសល់។
ទីIII-ពង្រឹងការងារអន្តរាគមន៍ប្រចាំបញ្ជាដែលជាចំណុចសំខាន់ ដែលត្រូវដោះស្រាយបញ្ហាដែលកើតមានឡើងទាន់ហេតុការណ៍ ដូចជាករណីកូវីដ១៩ ការរឹតបណ្តឹងច្បាប់ចរាចណ៍ផ្លូវគោក ការងារនេះមានលក្ខណៈសំខាន់ដែលជាការងារអាទិភាព ហេតុដូច្នេះគ្រប់ស្នងការរាជធានី-ខេត្តត្រូវតែរៀបចំពង្រឹងវិន័យ មានការហ្វឹកហាត់ ត្រូវតែមានការប្រមូលផ្តុំកម្លាំង មានកន្លែងហូបចុក ស្នាក់នៅ ការពិនិត្យសុខភាព ការបំពាក់សម្ភារបច្ចេកទេសសម្រាប់ប្រតិបត្តការ ដើម្បីអន្តរាគមន៍ទាន់ហេតុការណ៍។
ឯកឧត្តម ក៏បានណែនាំឲ្យមានការចងក្រងជាក្រុមធ្វើការតាមដានព័ត៌មានសង្គម ការទិតៀន ដើម្បីកែលម្អ ក៏ដូចជាការវាយប្រហារលក្ខណទុច្ចរិតរបស់ក្រុមអគតិ ដើម្បីធ្វើការបកស្រាយ។
ទីIV-ការងារព្រំដែន ជាទូទៅយើងបានខិតខំធ្វើច្រើន បើទោះបីជាមិនទាន់អាចឆ្លើយតបបាន១០០% តែរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងមូលដ្ឋាន បំពាក់មធ្យោបាយ សម្ភារ និងស្បៀងអាហារ ជូនដល់កងកម្លាំង។ ឯកឧត្តម ក៏បានជំរុញបន្ថែមលើការងារថែទាំកងកម្លាំង ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដៃគូជាប់ព្រំដែន សំដៅទប់ស្កាត់រាល់បទល្មើសទាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការនាំពលករចេញខុសច្បាប់ជាដើម។ លើកទឹកចិត្តកងកម្លាំងឲ្យមានការបង្កបង្កើនផលនៅហ្នឹងកន្លែង ដើម្បីជួយលើកស្ទួយជីវភាពបងប្អូននៅតាមអង្គភាព។
ទីV-ការងារកសាងធនធានមនុស្សក៏ជាចំណុចសំខាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ឲ្យប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់នៅតាមរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំង ជាពិសេសការគោរពវិន័យ វត្តមាន គ្រប់គ្រងស្មារតី សតិអារម្មណ៍ ផ្សព្វផ្សាយអប់រំ និងផ្តល់ព័ត៌មានអំពីសភាពការណ៍ថ្មីដល់បងប្អូនឲ្យបានជ្រួតជ្រាប ជៀសវាងខ្វះខាតព័ត៌មាននាំឲ្យមានអារម្មណ៍មិនហ្នឹងហ្ន និងធ្វើបច្ចុប្បន្នភាពជាក់ស្តែងទៅតាមស្ថានការណ៍។ ជំរុញឲ្យមានការបើកវគ្គបណ្តុះបណ្តាលនៅតាមអង្គភាព និងតាមផែនការដែលមានប្រចាំឆ្នាំ និងស្នើឲ្យនាយកដ្ឋានបុគ្គលិកខិតខំវាយតម្លៃវិន័យចំពោះកងកម្លាំងទៅតាមបទបញ្ជា០០៦ របស់កងកម្លាំងនគរបាលជាតិ ឬក៏អង្គភាពដែលមានស្នាដៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ ចំពោះការងារដឹកនាំបញ្ជាដែលកំណត់សិទ្ធិអំណាច និងរបៀបរបបធ្វើការ ការទទួលបញ្ជាពីសេនាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គស្នងការ ទៅស្នងការដ្ឋាន ឬក៏អង្គភាពចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ៕