ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ និង អភិបាលខេត្តព្រះវិហារ ចុះពិនិត្យវឌ្ឍនះភាពការសាងសង់ស្ពានស្តៅនៅស្រុកសង្គមថ្មី
ព្រះវិហារ ៖ នាយឧត្តមសេនីយ៍ មាស សុភាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារនិងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនះភាពនៃការសាងសង់ស្ពានដែកបេឡេក្រាលឈើមួយកន្លែងស្ថិតនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោយពីស្ពានឈើចាស់មានលក្ខណៈចាស់ទ្រុឌទ្រោម និងបានទទួលរងការឆាបឆេះដោយសារភ្លើងព្រៃកន្លងមក។
លោកទេសរដ្ឋមន្ត្រីមាស សុភា បានថ្លែងអោយដឹងថា៖ស្ពានដែកបេឡេក្រាលឈើ ដែលកំពុងសាងសង់នេះ គឺកើតឡើងតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលលោកដឹកនាំវេទិការសាធារណះនៅឃុំស្តៅ ហើយស្ពានដែកបេឡេនេះ គឺជំនួសអោយស្ពានឈើចាស់ទ្រុឌទ្រោម ដែលបានឆេះដោយសារភ្លើងព្រៃកន្លងមក។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ការសាងសង់ស្ពានដែកបេឡេក្រាលឈើនេះ គឺមិនបានប្រើប្រាស់ថវិកាជាតិទេ គឺដែកស្ពានបានមកពីការប្រមូលដែកស្ពានចាស់ៗនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្រោមការឧបត្ថម្ភរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ចំពោះឈើក្រាលស្ពានបានមកពីការជួយឧបត្ថម្ភពីលោកសាយ សំអាល់ ចំណែកជើងស្ពានគឺលោកនិងលោកប្រាក់ សុវណ្ណជាអ្នកឧបត្ថម្ភ។
លោកទេសរដ្ឋមន្ត្រីមាស សុភា ក៍បានថ្លែងនូវការអរគុណចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដែលបានខិតខំសាងសង់ស្ពានដែកបេឡេក្រាលឈើថ្មីនេះ ប្រកបដោយស្តង់ដានិងគុណភាពខ្ពស់ លោកថារដូវវស្សាឆ្នាំនេះប្រជាពលរដ្ឋលេងមានការលំបាកចំពោះការធ្វើដំណើរឆ្លងអូរទៀតហើយ។
លោកក៏បានឧបត្ថម្ភថវិកាចំនួន៥០លានរៀលដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងបានឧបត្ថម្ភសម្ភារថវិកាដល់លោកបេនដាវីសផងដែរ។
ដោយឡែកលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងថា៖ស្ពានដែកបេឡេក្រាលឈើនេះ មានទទឹង៤.២ម៉ែត្រនិងបណ្តោយ៤៨ម៉ែត្រ។ស្ពាននេះឆ្លងពីភូមិសុចទៅភូមិត្រពាំងធ្លកនិងភូមិតាបោះឆ្ពោះទៅតំបន់អភិរក្សសត្វព្រៃភ្នំត្នោតភ្នំពករបស់លោកបេន ដេវីសជនជាតិអាមេរិកកាំង ហើយស្ពាននេះអនុញ្ញាតិអោយតែរថយន្តបើកបរកម្ពស់តែ២.៥ម៉ែត្រប៉ុណ្ណោះ៕