មេខ្យល់៣នាក់ បញ្ជូនទៅតុលាការ ករណីឆរបោក ការឃោសនា អូសទាញ ពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ទៅថៃ
បាត់ដំបង៖ នៅក្នុងអំឡុងពេលដែលស្ថានភាព នៃការគំរាមកំហែងដោយករណីCovid-19 នៅតែបន្តមានជារៀងរាល់ថ្ងៃ រីឯការធ្វើដំណើរវិលចូលមកក្នុងប្រទេសវិញ របស់ប្រជាពលរដ្ឋយើងនៅតែមានជាបន្តបន្ទាប់នោះបានកត់សម្គាល់ឃើញថា មានការលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រកបមុខរបរ ឬបំពេញការងារផ្សេងៗ នៅក្នុងប្រទេសថៃ ពីសំណាក់ប្រជាពលរដ្ឋ ក៏នៅតែកើតមានជាបន្តបន្ទាប់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការវរៈ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងទាហ៊ានឈុនតខ្មៅនៃព្រះរាជាណាចក្រថៃ ក្នុងកងអនុសេនាធំលេខ១៣០៣ ធ្វើការទប់ស្កាត់ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ក្រោមការបំផុសឃោសនាអូសទាញដោយក្រុម(មេខ្យល់)ផងនោះមានចំនួន៣៨នាក់ក្នុងនោះស្រីចំនួន១៧នាក់ ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននិងបញ្ជូនមកឱ្យសមត្ថកិច្ចយើងវិញ។
ចំពោះបញ្ហានេះលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវប្រជាពលរដ្ឋទាំង៣៨នាក់នេះមន្ត្រីសុខាភិបាលដែលប្រចាំការនៅមូលដ្ឋានបានធ្វើការ តាមជំនាញ(ពិនិត្យសុខភាព) រួចរាល់ទើបប្រគល់មកឱ្យនគរបាលស្រុក ធ្វើការសាកសួរបំភ្លឺ ហើយក្នុងចំណោមនោះមានក្រុម (មេខ្យល់) ចំនួន៣នាក់ ដែលជាអ្នកដឹកនាំឱ្យមានការលួចឆ្លងដែន ដោយខុសច្បាប់នេះ ដែលក្នុងចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី រីឯប្រជាពលរដ្ឋចំនួន ៣៥នាក់ បានធ្វើការអប់រំណែនាំពួកគាត់កុំឱ្យចាញ់បោកការឃោសនា អូសទាញពីសំណាក់ក្រុមមេខ្យល់ទៀត រួចបានអនុញ្ញាតឱ្យពួកគាត់វិល ត្រឡប់ទៅលំនៅដ្ឋានវិញ។
ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវ ចំពោះប្រជាពលរដ្ឋយើង សូមកុំឱ្យចាញ់បោកការឃោសនាអូសទាញ ពីសំណាក់ក្រុម (មេខ្យល់) ដែលនាំបងប្អូនឱ្យចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់នេះ ឱ្យសោះ ព្រោះនេះគឺជារឿងខុសច្បាប់ហើយក៏ប្រឈមខ្លាំងជាមួយនឹងការណីឆ្លងជំងឺ Covid-19ផងដែរ៕