ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្មោះ សែម តូ​នី ជេរសមត្ថកិច្ចថា ទុក​ម៉ូតូ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ តែ​១​យប់​១​ថ្ងៃ បាត់​គ្រឿង​ម៉ូតូ​អស់​ហើយភ័យខ្លួន ចូលបាន​សារភាព និង​ទទួលកំហុស ថា​ព័ត៌មាន​មិន​ពិត​

97

 

​ភ្នំពេញ​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានធ្វើ​ការកោះហៅ​ឈ្មោះ សែម តូ​នី ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sem Tony បង្ហោះ​ព័ត៌មាន​មិន​ពិត ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​ករណី​ដែល​ខ្លួន បាន​ផុស​នូវ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​សមត្ថកិច្ច​។

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Sem Tony ដែល​បាន​ផុស​រឿង​មិន​ពិត ថា « ទុក​ម៉ូតូ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​តែ​១​យប់​១​ថ្ងៃ បាត់​គ្រឿង​ម៉ូតូ​អស់ហើយ ទាំង​បូម​មុខ បូម​ក្រោយ បេន​ស៊ី​ម៉ាំង និយាយ​រួម​មក​គឺ​គ្រឿង​សំខាន់​អស់រលីង​ហើយ​» ។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានធ្វើរ​កោះហៅ​ឈ្មោះ សែម តូ​នី ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sem Tony បង្ហោះ​ព័ត៌មាន​មិន​ពិត ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​ករណី​ដែល​ខ្លួន បាន​ផុស​នូវ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​សមត្ថកិច្ច ជាពិសេស​ជា​ផុស​នូវ​ព័ត៌មាន​មិន​ពិត​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ សែម តូ​នី បាន​សារភាព និង​ទទួលកំហុស​ដែល​ខ្លួន បាន​ផុស​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នគរបាល​ជាតិ ។ បុគ្គល​រូបនេះ ក៏បាន​ថត​ជា​វីដេអូ​ឃ្លី​ប ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ និង​សុំ​ការយោគយល់ លើកលែងទោស​ពី​សមត្ថកិច្ច​ផងដែរ ។ ជាពិសេស​បុគ្គល​រូបនេះ​ក៏បាន​ធ្វើ​កិច្ច​សន្យាថា ចាប់ពីពេលនេះ​តទៅ​គឺ​ឈប់​ផុស​រឿង​មិន​ពិត​ទៀតហើយ ។​

​ជាក់ស្តែង​ម៉ូតូ​ដែល​បាន​យកមក​រក្សាទុក​នោះ មិនមាន​បាត់បង់​អ្វី​ដូច​បុគ្គល​រូបនេះ បាន​ផុស​ឡើយ ហើយ​សមត្ថកិច្ច​ថែមទាំង​មាន​រូបភាព នៅពេល​ប្រគល់​ម៉ូតូ​ឲ្យ​វិញ ហើយ​បុគ្គល​រូបនេះ ក៏បាន​ពិនិត្យ​យ៉ាងច្បាស់​ថា មិនមាន​បាត់បង់​អ្វី​ឡើយ ។​

​សូម​អាន​ព័ត៌មាន​លម្អិត​ពី​ករណីនេះ​ដូចខាងក្រោម : ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សូម​បំភ្លឺថា កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០​នាទី ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​យក​កាបូប​ប្រាក់ និង​ជួញដូរ​គ្រឿងញៀន​) និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ។​

​ក្នុងនោះ​មាន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ ៖ ទី​១. ឈ្មោះ ហុក ណារិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​២. ឈ្មោះ ហ៊ាន ប្រឹម​ប្រិ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​បាន​ដកហូត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ក្រចេះ ១E.២៩៦៥ (​ទាំង​២​នាក់​នេះ គឺជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ) ។​

​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ជា​លទ្ធផល ឈ្មោះ ហុក ណារិន មានការ​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត ក្នុងការ​ជួញដូរ​គ្រឿង​ញៀន ដោយឡែក​ម្នាក់ទៀត​ឈ្មោះ ហ៊ាន ប្រឹម​ប្រិ​យ (​ឃាត់ខ្លួន​ក្នុង​រង្វង់​កិច្ចប្រតិបត្តិការ​) មិនមាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​គ្រឿងញៀន​ទេ ។ ដោយមាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា សមត្ថកិច្ច​ក៏បាន​ធ្វើការ​អប់រំ ព្រមទាំង​ឲ្យ​អាណាព្យាបាល​មក​ធានា និង​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ព្រមទាំង​ប្រគល់​ម៉ូតូ​ឲ្យ​សាមីខ្លួន ហើយ​បាន​ពិនិត្យ​ម៉ូតូ ព្រមទាំង​និយាយ​ប្រាប់ថា មិនមាន​បាត់​អី​ទេ ក៏បាន​យក​ម៉ូតូ​ជិះ​ចេញ​បាត់ទៅ ៕

អត្ថបទដែលជាប់ទាក់ទង