កម្លាំងសមត្ថកិច្ចប៉ូលិស ចុះបង្ក្រាបខុនដូ «សោភា»ក្នុងខណ្ឌបឹងកេងកង ដោយជនជាតិចិនយកទីតាំងនេះ កែច្នៃផលិតគ្រឿងញៀន
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ កម្លាំងសមត្ថកិច្ចប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបនៅទីតាំងខុនដូ «សោភា» ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាទីតាំងដែលបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកន្លែងកែច្នៃផលិតគ្រឿងញៀន ។
តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែលទើបទទួលបានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ បានចុះមកសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអគារខុនដូ «សោភា» ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងបទល្មើសបានជាច្រើនផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងមួយចំនួនដែលនៅសេសសល់ ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន ៕