គណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យ តំបន់កោះកុងក្រៅ
កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ រួមជាមួយនឹងអភិបាលខេត្តកោះកុង បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យ តំបន់កោះកុងក្រៅ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងថា “កាលពីរសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០នេះ នាងខ្ញុំ បានអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យ តំបន់កោះកុងក្រៅ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង ដែលមានសមាសភាពមកពីក្រសួង នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ខេត្ត ដែលជាអាជ្ញាធរដែនដី នេះ បើយោងតាមសេចក្តីសម្រេចលេខ៦៣ សសរ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
គណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត។
គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី របស់លោក ឧកញ៉ា លី យ៉ុងផាត់ ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យអភិវឌ្ឍន៍តាម សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕