ក្រសួងសុខាភិបាល រកឃើញ បុរសជនជាតិខ្មែរបារាំង អាយុ៣០ឆ្នាំ មានផ្ទុកជំងឺកូវីដ-១៩ ថ្មីទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មី ១នាក់ទៀត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ដែលជាករណីនាំចូល និងជាករណីទី១២៦ ។
បើតាមក្រសួងសុខាភិបាល បុរសជនជាតិខ្មែរបារាំង អាយុ៣០ឆ្នាំ ដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ ទៅវិភាគឡើងវិញ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងអំឡុងថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ ដែលទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គួរកត់សម្គាល់ផងដែរថា លទ្ធផលវិភាគសំណាករបស់គាត់ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ គឺអវិជ្ជមាន។ ប្រទេសដែលបុរសខាងលើនេះ បានធ្វើដំណើរ និងស្នាក់នៅរយៈពេល១៤ថ្ងៃ ចុងក្រោយ មុនមកដល់កម្ពុជា គឺប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង និងប្រទេសកូរ៉េ។
ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ កំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកអ្នកប៉ះពាល់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ៧និង៣០ព្រឹក ថ្ងៃទី ៧ មិថុនា ២០២០ ក្រសួង សុខាភិបាលរកឃើញករណីជំងឺកូវីដ-១៩ មួយករណថ្មី ចំនួនសរុបកូវីដ-១៩ កើនដល់១២៦នាក់ ដូច្នេះចំនួនសម្រាកនៅពេទ្យកើន៣នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕