ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងខ្លាំងដើរ ស្រែកឡូឡា រួចយកកាំបិតប៉័ងតោ ដេញកាប់ជនរងគ្រោះរបួស២នាក់
ភ្នំពេញ៖ នគរបាលបានបង្ក្រាបចាប់ខ្លួនជនល្មើសម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលរងរបួស) ក្នុងពេលដែលជនរងគ្រោះនិងមិត្តភក្តិកំពុងឈរនិយាយគ្នាលេង នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងខ្លាំងដើរមក ដល់ស្រែកឡូឡា រួចយកកាំបិតប៉័ងតោ ដេញកាប់ជនរងគ្រោះ នៅមុខផ្ទះលេខ៤៩៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១៧និង៣០នាទី។
ជនរងគ្រោះទី១ ឈ្មោះភួន ទុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ។
ជនរងគ្រោះទី២ ឈ្មោះជា ស្រី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ។ ទាំង២នាក់ស្នាក់នៅភូមិកើតហេតុ។
ចំណែកជនសង្ស័យឈ្មោះ បុង ស៊ីយុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុ។
នគរបាលបានបញ្ជាក់ពីហេតុការណ៍នេះថា ៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភួន ទុយ និងមិត្តភក្តិឈរ និយាយគ្នាលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងខ្លាំងដើរមក ដល់ស្រែកឡូឡា រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះឈ្មោះ ភួន ទុយ ត្រូវចំកែងដៃ ខាងឆ្វេង និងកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ជា ស្រីមុំ ដែលឈរនៅក្បែរនោះ ចំកំភួនដៃខាងឆ្វេង, ដើមដៃខាងឆ្វេង និងក បណ្តាលឲ្យរងរបួស ពេលនោះជនរងគ្រោះឈ្មោះ ភួន ទុយ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើង ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនរងគ្រោះឈ្មោះ ភួន ទុយ ទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដេរ ១៥ថ្នេរ។
ជនរងគ្រោះឈ្មោះ ជា ស្រីមុំ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕