លោក ហែម សំណាង ៖ការប្រកួតតាមអនឡាញជំរុញឲ្យអត្តពលិកកីឡាតេក្វាន់ដូWTហ្វឹកហាត់តាមផ្ទះកាន់តែខ្លាំង
ភ្នំពេញ៖បណ្ឌិតសភាតេក្វាន់ដូកម្ពុជាបានសហការជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូWTនាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុនតាមអនឡាញលើកទី២នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីពង្រឹកសមត្ថភាពកីឡាករ-កីឡាការិនីហ្វឹកហាត់តាមផ្ទះឲ្យកាន់ខ្លាំងឡើងថែមទៀត។
លោក ហែម សំណាង អនុប្រធាននៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo)បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុនតាមអនឡាញលើកទី២នេះដោយមានពីក្លិបចំនួន៧ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន១៥រូបនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូWTជាសមាជិកខេមរសហព័ន្ធត្រូវថតវីដេអូកីឡាករ-កីឡាការិនីប្រឡងផ្ញើមកខេមរសហព័ន្ធរួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឳកាសរយៈពេល១០ថ្ងៃគឺចាប់ផ្តើមថ្ងៃទី២០ ដល់៣០ ខែឧសភា ឆ្នាំ២០២០ ហើយគណៈកម្មាធិការសម្រេចជ្រើសរើសប្រកួតប្រឡងតាមអនឡាញដោយមានអាជ្ញាកណ្តាលនិងចៅក្រមចំនួន៣។ការប្រកួតនេះធ្វើឡើងដើម្បីជំរុញការហ្វឹកហាត់តាមផ្ទះកាន់តែខ្លាំងដូច្នេះធ្វើឲ្យកីឡាករកីឡាការិនីយើងមានសកម្មភាពរស់រវើកថែមទៀត។យើងមានការពិបាកខ្លះដោយសារឳពុកម្តាយកីឡាករ-កីឡាការិនីដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហមមិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា៕