មន្ត្រីជំនាញ ចាប់ដោះផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិពព្រឹក្ស”
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ខែមិថុនានេះ បានឲ្យដឹងថា ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិពព្រឹក្ស” ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបងចុះដក ហូតនិងតម្រូវឱ្យ ម្ចាស់ធ្វើកិច្ចសន្យា។
ប្រភពដដែល បានបន្តថា គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។
ម្ចាស់រថយន្តដែលមានផ្លាកលេខទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើចរាចរណ៍លើផ្លូវសាធារណៈបានឡើយ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងកំពុងធ្វើរាចរណ៍លើដងផ្លូវសាធារណៈ ដែលរថយន្តមួយគ្រឿងនេះមានពាក់ផ្លាកលេខ (បាត់ដំបង -វត្តម្លប់ពោធិព្រឹក្ស)។
ការប្រើប្រាស់ស្លាកលេខបែបនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមក៏ដូចសាធារណជនដែលបានឃើញមានការរិះគន់ចំពោះបញ្ហានេះ និងស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវនិងបកស្រាយបំភ្លឺ។
ទទួលបានព័ត៌មាននេះពីក្រុមការងារ ប្រតិកម្មរហ័សGCNPស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវលើករណីនេះជាបន្ទាន់ រហូតដល់ព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២០នេះ បានរកឃើញរថយន្តបំពាក់ផ្លាកលេខខាងលើ ស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់(វត្តម្លប់ពោធិព្រឹក្ស)។
ក្រោយពេលសាកសួរបំភ្លឺលោកប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនបាន បានបញ្ជាក់ថា នេះជាផ្លាកលេខក្លែងក្លាយ ហើយបានធ្វើការដកហូតយក(ផ្លាកលេខក្លែងក្លាយ)ខាងលើនេះទៅរក្សាទុក ហើយពេលនេះដែរសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកទីតាំង (អ្នកផលិត) ស្លាកលេខក្លែងក្លាយនេះដើម្បីអនុវត្តតាមនីតិវិធី។
យើងខ្ញុំសូមអំពាវនាវដល់បងប្អូនមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នាដើម្បីសេចក្តីសុខ សុវត្ថិភាពចំពោះជីវិតរបស់យើង ក្រុមគ្រួសារយើង និងជីវិតអ្នកដទៃ៕