វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹក កម្រិតមូលដ្ឋានចាប់ផ្តើម លើកដំបូងនៅស្រុកកោះធំ
ខេត្តកណ្តាល៖សហព័ន្ធខ្មែរកីឡាហែលទឹកបានសហការជាមួយការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ ខេត្តកណ្តាលនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្ត្រី និងគ្រូបង្វឹកមកវិទ្យាល័យដែលមានរយៈពេល២ថ្ងៃប្រព្រឹត្តនាអាងហែលទឹកស្រុកកោះធំ។
ក្នុងឳកាសបើកវគ្គជាផ្លូវការដោយមានការអញ្ជើញលោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងសិក្ខាកាមចំនួន១១នាក់។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា នេះជាវគ្គដំបូងសម្រាប់ដល់មន្ត្រី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ស្រុកកោះធំ គោលបំណងចង់ឲ្យពួកគាត់ចេះជំនាញហែលទឹកដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះជាចាំបាច់បំផុតដោយសារយើងមានអាងហែលទឹកស្រាប់បើកហ្វឹកហាត់ស្រាប់ ដូច្នេះតាមផែនការមេរបស់សហព័ន្ធជំរុញ និងពង្រីកកីឡាករ-កីឡាការិនីឲ្យមានគ្រប់ទាំង២៥រាជធានីខេត្តក្រុង។
លោកបានបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយស្រុកកោះធំលោកមានគោលបំណងចង់មានគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិចេញពីស្រុកកោះធំនាពេលខាងមុខនេះ។ ទើបលោកប្រធានដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
លោក អេង មោក្ខ បានមានប្រសាសន៍ថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលបានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕