ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជម្រុញអោយ អាជ្ញាធរមូលដ្ឋានទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុបទឹក ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ

230

ភ្នំពេញ៖ អភិបាលរាជធានី លោកឃួង ស្រេងបានជម្រុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលអោយដល់មូលដ្ឋានរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលិចលង់របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈរដូវវស្សាបានឈានមកដល់ ។

   អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រុញបែបនេះ ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានការដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី០៨ មិថុនា ២០២០នៅសាលារាជធានីភ្នំពេញ។

  លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែ ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ខ្លាំង រហូតដល់កំពស់ទឹក១០៥មីលីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់ លោកថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជា ការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូជាដើម ជុំវិញបញ្ហានេះ លោកសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈមនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ ដើម្បីធ្វើយ៉ាងណាអោយទឹកអាចហូរបានលឿន

   លោកឃួង ស្រេងក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុកដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រឡាយ  លូនេះ ជាវិធានការចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និងធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាម មិនបានត្រឹមត្រូវ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុននៃការអនុវត្តនូវវិធានការផ្អាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញាធរត្រូវសម្អាតខ្លួនប្រាណឲ្យបានល្អជាគំរូដល់ប្រជាពលរដ្ឋជាមុនសិន។   

    លោកឃួង ស្រេងបញ្ជាក់ផងដែរថា បញ្ហាសំរាម បញ្ហាការលិចលង់គឺជារឿងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ដូច្នេះ យើងត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើកិច្ចការងារនេះ បើសិនគ្មានការចូលរួមពីប្រជាពលរដ្ឋទេយើងក៏មិនអាចអនុវត្តការងារនេះ បានជោគជ័យដែរ

   លោកបានបញ្ជាក់ទៀតថា កិច្ចប្រជុំខាងលើនេះធ្វើឡើងដើម្បីឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ដូចជាមន្ត្រីជំនាញសាធារណការលើកឡើងពីបញ្ហាប្រឈមពិភាក្សារួមគ្នា ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញលែង លិចលង់ដោយជំនន់ទឹកភ្លៀង ហើយជាទិសដៅចំពោះមុខ នៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ទីតាំងដែលប្រឈមនៃការលិចលង់ខ្លាំងជាងគេ ដើម្បីយើងនឹងអាចដាក់ស្ថានីយមួយនៅទីតាំងនោះ ដើម្បីបូមទឹកចេញភ្លាមៗតែម្ដង

 

អត្ថបទដែលជាប់ទាក់ទង