អ្នកនាំពាក្យ ៖ នគរបាលពុំបានចាប់ខ្លួន ឬ អនុវត្តច្បាប់ ចំពោះសកម្មជនអាវក្រហមថៃ ដែលស្នាក់អាស្រ័យ នៅកម្ពុជានោះទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចនគរបាលពុំបានចាប់ខ្លួន ឬ អនុវត្តច្បាប់ចំពោះសកម្មជនអាវក្រហមថៃ ដែលស្នាក់អាស្រ័យនៅកម្ពុជានោះទេ។ ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាក៏កំពុងស្រាវជ្រាវបន្តពាក់ព័ន្ធនឹងករណីនេះ ជាពិសេសតម្រុយដែលបង្ហាញក្នុងកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់បុគ្គលខាងលើ។
ឯកឧត្តមបញ្ជាក់ថា៖ «សមត្ថកិច្ចបដិសេធ ចំពោះការផ្សព្វផ្សាររបស់សារព័ត៌មាន ពិសេសបណ្តាញទំនាក់ទំនងសង្គម អំពីការចាប់ខ្លួន លោក វ៉ាន់ឆាឡឺម ព្រោះសមត្ថកិច្ចកម្ពុជាមិនបានអនុវត្តច្បាប់ចំពោះបុគ្គលរូបនេះទេ។ ដោយឡែក វីដេអូកាមេរ៉ាពាក់ព័ន្ធនឹងបុគ្គលរូបនេះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត»។
និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
កាលពីម្សិលមិញ សមាជិកក្រុមអាវក្រហមរបស់ថៃមួយក្រុមតូច បានធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដោយទាមទារឱ្យមានការស៊ើបអង្កេតលើករណី លោក Wanchalearm Satsaksit ដែលពួកគេចោទថា ត្រូវបានចាប់ពង្រត់រាជធានីភ្នំពេញ៕