ចុះពិធីប្តូរសារ នាំស្វាយស្រស់របស់កម្ពុជា ដោយត្រង់ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ ពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០។
មានប្រសាសន៍ស្វាគមន៍ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្គរដ្ឋបាលលគយចិន រួមជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។ តាមរយៈភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេល នូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។
តាមរយៈពិធីសារនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលសមជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដោយឡែក ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះ បានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធីនិងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថា កិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយៈការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។
យកឱកាសដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃ ឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិតកិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។
នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងបានធ្វើចំណាប់អារម្មណ៍ទាក់ទងនឹងពិធីសារនេះដោយបានរំលេចខ្លឹមសារ សំខាន់ៗអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន ហើយជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។ ពិតណាស់ ការនាំ ចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណៈដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ឯកឧត្តមឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹម និងជឿជាក់ថាតាមរយៈពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។
សូមអនុញ្ញាតជម្រាបជូនថា តាមរយ:ការចរចាលើឯកសារពិធីសារនេះដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។ ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្ត្រីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS)។ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្ត្រអភិវឌ្គ្រប់ជ្រុងជ្រោយ និង យូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” នាពេលនេះ។
គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន៕