សម្តេចហ៊ុនសែនផ្ញើសាររំលឹក ដាស់តឿនឲ្យមានការ ប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩
ភ្នំពេញ៖នៅថ្ងៃពុធនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានថ្លែងថាជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពឲ្យបានល្អចូលរួមទប់ស្កាត់កុំឲ្យឆ្លងរោគកូវីដ១៩ទាំងពីយើងទៅគេនិងពីគេមកយើង។ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះគឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេសបិទព្រលានយន្តហោះបិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។
ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើនហើយអត្រាឆ្លងរោគក៏មិនបានកើនឡើងខ្លាំងក៏ពិតមែនប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩គ្មានថ្មាំព្យាបាលទេ។អង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថានៅលើ216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ7,039,918 នាក់ហើយហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ404,399 នាក់ដែរ។
“ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូចឹលឬទឹកអាល់កុលហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀនឬស្មានៗគិតថាមិនមានអ្វីឆ្លងទេឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបានគឺគិតបែបនេះមិនត្រឹមត្រូវទេគឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯងកូនចៅនិងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។“សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩សូមខលទាក់ទងទៅលេខ១១៥ជាបន្ទាន់៕ដោយ៖កូឡាប