កញ្ញា បរ៉ាម៉ី ម្ចាស់បទ «កន្តៀវស្រួយ» ត្រូវក្រសួងវប្បធម៌កោះហៅ យកទៅដុះក្អែល
ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកស្រី ភឿង សកុណា ជាប្រធាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី មកធ្វើការព្រមាន បន្ទាប់រងការរិះគន់យ៉ាងធ្ងន់ៗពីមហាជន ដោយសារតែបទនេះសរសេរឡើងមានចេតនាបង្កប់ខ្លឹមសារអាសអាភាស សឹងតែពេញមួយសាច់បទទាំងស្រុង។
ទាក់ទងនឹងព័ត៌មានដែលកំពុងផ្ទុះនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យដឹងថា នៅព្រឹកមិញនេះ ម្ចាស់ទចម្រៀងរងការរិះគន់ខាងលើ បានចូលខ្លួនទៅដោះស្រាយបញ្ហា នៅឯក្រសួងហើយ ប៉ុន្តែ មិនទាន់ចេញលទ្ធផលជាផ្លូវការនៅឡើយទេ។
លោក ប៉ុក បូរក្ស ក៏បានបញ្ជាក់ឲ្យដឹងថា គោលការណ៍ធំៗមួយចំនួន ដែលក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ មានវិធានការដោះស្រាយគឺ៖
ទី១- អប់រំ និងណែនាំ
ទី២- ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ
ទី៣- លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ
ទី៤ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកបទចម្រៀងដ៏រសើបលើកទី១ ដែលផលិតកម្ម «ដំរី» នេះចេញនោះទ គឺគេបានរកឃើញមានមួយបទទៀតក៏ញាក់សាច់ស្រដៀងគ្នានេះផងដែរ គឺបទ៖ «ស្រណោះអង្រែ» ដែលសុទ្ធសឹងធ្វើឲ្យប៉ះពាល់តម្លៃសេចក្តីថ្លៃទាំងអស់៕