ក្រសួងសុខាភិបាល ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះករណីជនជាតិវៀតណាម មានអាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយលើទំព័រវេបសាយវៀតណាមឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) អំពីមានករណីបុរសជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ធ្វើដំណើរចេញពីកម្ពុជាចូលទៅវៀតណាម តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុស កូវីដ ១៩ ហើយបានដាក់ឲ្យកំពុងព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center) នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២០។ មកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូចការណាមួយ ស្តីពីករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
បើតាមក្រសួងសុខាភិបាល, ក្រុមការងារបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិ វៀតណាម រស់នៅឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះ តែម្ដង។
ព័ត៌មានដែលក្រសួងបានឃើញការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការ ស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបានរកឃើញ ឬរាយការណ៍ តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះឡើយ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែល ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ ក្រសួងសុខាភិបាលនៅតែប្រកាន់ ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែល ជាជំងឺរាតត្បាតដ៏កាចសាហាវជាសកល៕