ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី គ្រោងនឹងផ្លាស់ ប្តូរទីតាំងចាក់សំរាមពីខណ្ឌដង្កោទៅកាន់ទីតាំងថ្មីនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកក្នុងអង្គស្នួលខេត្តកណ្ដាល

162

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងចាក់សំរាមទៅនៅតាមបណ្ដោយផ្លូវលេខ៥១នៅក្នុង ស្រុកក្នុងអង្គស្នួលខេត្តកណ្ដាល ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ មិថុនានេះនៅសាលារាជធានីភ្នំពេញ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា  នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសម្រាម ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះ នៅខណ្ឌព្រៃព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំងនិងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។   លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់សំរាមអាណាធិបតេយ្យផងដែរ។

   ពាក់ព័ន្ធនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជុំវិញជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតពេញពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ជុំវិញជំងឺកូវីដ៩នេះ អាជ្ញាធររាជធានីភ្នំពេញបានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លងពីជម្ងឺកូវីដ១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័កនៅតាមសាលារៀនមួយចំនួនផងដែរ។

    គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះធ្វើឡើងក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតការងារឲ្យកាន់តែប្រសើរឡើងទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានិងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង