ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តចុះពិនិត្យមើលការដ្ឋាន កំពុងជួសជុលកំណាត់ផ្លូវជាតិលេខ៤១ លេខ៣ និងលេខ៣៣ ក្នុងទឹកដីខេត្តកំពត និងកែប

202

កែប និង ខេត្តកំពត៖ នៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុមរួមមាន មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពានថ្នល់ចិន(CRBC) អញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានជួសជុល កំណាត់ផ្លូវជាតិលេខ៤១ និងកំណាត់ផ្លូវជាតិលេខ៣ និង កំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។

សូមជម្រាបជូនថា៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះ មុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្តោះអាន្នដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរ ព្រមទាំងដឹកជញ្ជូនផ្សេងៗផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ ថា៖
១-ផ្លូវជាតិលេខ៤១កំពុងសិក្សាលទ្ធភាព និងបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព ពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុង កៅស៊ូAC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិត ទៀត។

២-កំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង។

៣-ផ្លូវជាតិលខ៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅផ្លូវបេតុងកៅស៊ូAC សាងសង់ដោយក្រុមហ៊ុនចិន។

៤-គម្រោងជួសជុលផ្លូវជាតិលេខ៤ត្រូវ ពង្រីកទទឹងពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលកៅស៊ូAC បន្ថែមពីលើ និងលើកកម្រិតកម្ពស់ផ្លូវដែលលេចទឹក តាមតំបន់មួយចំនួន។

លោក ទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង