អាជ្ញាធរខណ្ឌបឹងកេងកងប្រកាសធ្វើស្លាកលេខម៉ូតូជូនប្រជាជនប្រើប្រាស់នៅអាទិត្យក្រោយនេះ
ភ្នំពេញ៖រដ្ឋបាលខណ្ឌបឹងកេងកងបានប្រកាសដាក់ឲ្យដំណេីរការ ការធ្វេីស្លាកលេខម៉ូតូជូនប្រជាជន ប្រើប្រាស់តាមរយៈការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០អាទិត្យក្រោយនេះតទៅ ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងប្រាប់នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នេះ។
គួរបញ្ជាក់ផងដែរថាដោយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅសាលាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួលសិទ្ឋិប្រើប្រាស់ស្វ័យប្រវត្តិកម្មទោចក្រយានយន្ត សម្រាប់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌបឹងកេងកង, ។
ពិធីនេះរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកស្រី សុិន រតនា អភិបាលរងខណ្ឌ ទទួលបន្ទុកការងារច្រកចេញចូលតែមួយ លោកទ្រី ណារ៉េត នាយករងរដ្ឋបាល តំណាងក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន KTS ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងបានថ្លែអំណរគុណដល់ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រុមហ៊ុន KTS ដែលបានបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មទោចក្រយានយន្ត ដែលនឹងផ្តល់លទ្ធភាពថ្មីទៀត ដល់រដ្ឋបាលខណ្ឌបឹងកេងកង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា លឿន រហ័ស និងមានតម្លាភាព ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ខិតសេវាកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កេីតខណ្ឌបឹងកេងកង ដែលជាខណ្ឌបង្កេីតថ្មី និងដាក់ឲ្យដំណេីររយៈពេល១ឆ្នាំកន្លងទៅនេះ ។
លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋានអចិន្ត្រៃយ៍ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង អាចមកទំនាក់ទំនង និងទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៨ តាមបណ្តោយមហាវិថីម៉ៅសេទុង ភូមិទី១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕